(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអះអាងថា ប្រមាណ៩០ភាគរយ នៃកម្លាំងពលកម្មសរុបក្នុងវិស័យឧស្សាហកម្ម វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដែលជាវិស័យនាំចេញឈានមុខគេរបស់កម្ពុជា គឺជាស្រ្តី។ នេះបើតាមសេចក្តីថ្លែងការណ៍ GMAC ក្នុងឱកាសអបអរខួបលើកទី១០៧ នៃទិវានារីអន្តរជាតិ ៨មីនា។
នៅក្នុងសេចក្តីថ្លែងការ GMAC បានបញ្ជាក់យ៉ាងដូច្នេះថា «កម្មករនិយោជិត ដែលជាស្រ្តីក្នុងវិស័យនេះ បាននាំចំណូលសម្រាប់ខ្លួនឯង ផ្គត់ផ្គង់ក្រុមគ្រួសារ ជួយពន្លឿនឧស្សាហកម្មគាំទ្រមួយចំនួនទៀត និងបង្កើត បង្កើនសកម្មភាពអាជីវកម្ម ដល់ប្រជាពលរដ្ឋខ្មែរប្រមាណ ២លាននាក់ដទៃទៀត។
GMAC បានបន្តថា «ស្រ្តីដែលបំពេញការងារក្នុងវិស័យនេះ គឺត្រូវបានចាត់ទុកជាវីរៈនារីដែលជំរុញសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រមួយផ្នែកនៅកម្ពុជា ចាប់តាំងពីឧស្សាហកម្មអតិពលកម្មនេះចាប់ផ្តើមមានវត្តមាននៅកម្ពុជា»។
ក្នុងសេចក្តីថ្លែងការដដែល GMAC បានបន្តទៀតថា ទិវានារីអន្តរជាតិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្ហាញពីភាពចាំបាច់ និងជាកាតាលីករដែលមិនអាចខ្វះបានរបស់ស្រ្តីក្នុងតួនាទីរួមចំណែកក្នុងកិច្ចការសង្គម សេដ្ឋកិច្ច នយោបាយ ទំនាក់ទំនងអន្តរជាតិ និងជាពិសេសនោះ គឺក្នុងវិស័យការងារ។ សិទ្ធិរបស់ស្រ្តីនៅកម្ពុជា ត្រូវបានការពារ និងប្រឆាំងយ៉ាងដាច់ខាតពីការរំលោភបំពាន និងកេងប្រវ័ញ្ចគ្រប់ប្រភេទ និងគ្រប់រូបភាព ជាក់ស្តែងសិទ្ធិរបស់ស្រ្តីត្រូវបានបញ្ញត្តិក្នុងច្បាប់រដ្ឋធម្មនុញ្ញ ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីការបង្ក្រាបអំពើពង្រត់ និងលក់ដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើមនុស្ស ច្បាប់ស្តីពីការងារ និងឧបករណ៍គតិយុត្តិជាតិ និងអន្តរជាតិដទៃទៀត។
ក្រៅពីសិទ្ធិដែលមានបញ្ញត្តិក្នុងច្បាប់ស្តីពីការងារ និងបទបដ្ឋានគតិយុត្តិដទៃទៀតដូចខាងលើនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានរួមចំណែកក្នុងការលើកតម្កើង និងការពារសិទ្ធិស្រ្តីដែលជាកម្មករ និយោជិតក្នុងវិស័យនេះ តាមរយៈក្រុមការងារមួយចំនួន នៅកន្លែងធ្វើការងារដូចជា៖ ក្រុមការងារសុខភាព និងសុវត្ថិភាពនៅកន្លែងការងារ ក្រុមការងារអេដស៍នៅកន្លែងធ្វើការងារ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត វេទិកាស្រ្តី និងពង្រីកការយល់ដឹងពីសុខភាពជាច្រើនលើក និងកិច្ចការជាច្រើនទៀត។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមចូលរួមអបអរសាទរទិវានារីអន្តរជាតិដល់ស្រ្តីដែលជាកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា និងស្រ្តីទាំងឡាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កសមិទ្ធិផល និងវឌ្ឍនភាពនៃប្រទេសកម្ពុជា។ សមាគមសូមបង្ហាញនូវសុឆន្ទៈរបស់ខ្លួនក្នុងការលើកកម្ពស់សិទ្ធិស្រ្តី និងគាំទ្រនូវរាល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងការការពារ និងទប់ស្កាត់ដាច់ខាតរាល់ទម្រង់រំលោភបំពានទៅលើសិទ្ធិរបស់ស្រ្តី៕វ