(ភ្នំពេញ)៖ ក្រោយធ្លាយឯកសារ និងវីដេអូស្ដីពីសកម្មភាពលោក សម រង្ស៊ី ក្នុងនាមប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីរបស់ខ្លួនទៅចុះហត្ថលេខាធ្វើសហប្រតិបត្តិការណ៏ជាមួយ មេដឹកនាំជនជាតិដើមម៉ុងតាញ៉ា ដែលជាចលនាប្រឆាំងជាមួយនឹងរដ្ឋាភិបាលប្រទេសវៀតណាម ផ្ទុយនឹងរដ្ឋធម្មនុញល្មើសនឹងច្បាប់ប្រទេសរួចមក មានពលរដ្ឋខ្មែរជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស បានបញ្ចេញមតិប្រឆាំងដាច់ខាតចំពោះល្បែងនយោបាយដ៏គ្រោះថ្នាក់របស់មេដឹកនាំប្រឆាំងរូបនេះ ព្រោះបើលោក សម រង្ស៊ី និងគណបក្សប្រឆាំងជ្រើសរើសផ្លូវនយោបាយ សំរាប់ដើរបែបនេះមែន វាមិនខុសពីលោកលេងល្បែងនយោបាយនាំយកភ្លើងមកដុតប្រទេសខ្លួនឯងនោះទេ។
បច្ចុប្បន្នប្រទេសជាតិកំពុងមានសុខសន្តិភាព រាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់បាន នឹងកំពុងតែធ្វើសហប្រតិបត្តិការជាមួយបណ្ដាលប្រទេសនានា នៅលើពិភពលោកដើម្បីរក្សានូវសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍន៏ដោយប្រកាន់គោលការណ៏មិនលូកដៃជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់បណ្ដាប្រទេសជាមិត្តនោះឡើយ ជាពិសេសបណ្ដាលប្រទេសភូមិផងរបងជាប់ជាមួយតែម្ដង។
ចុះហេតុអ្វីបានជាលោក សម រង្ស៊ី ក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំងបែរជានាំគ្នាទៅចុះហត្ថលេខា ធ្វើសហប្រតិបត្តិការជាមួយចលនាមួយដើម្បីប្រឆាំងទៅនឹងរដ្ឋអធិបតេយ្យមួយទៅវិញ? អ្វីដែលកាន់តែមិនអាចឲ្យពលរដ្ឋខ្មែរទទួលយកបានទៀតនោះ គឺការអនុញ្ញាតប្រគល់ទឹកដីនៃបណ្ដាខេត្តមួយចំនួនរបស់ខ្លួនទៅឲ្យចលនាជាតិសាសន៏ដ៏ទៃស្នាក់អាស្រ័យដើម្បីធ្វើសកម្មភាព ប្រឆាំងជាមួយប្រទេសជិតខាង (វៀតណាម) នៅពេលដែលគណបក្សរបស់ខ្លួនឈ្នះឆ្នោតបានឡើងកាន់អំណាចទៀតផង។
ឧទាហរណ៍ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតបានឡើងកាន់អំណាចកាលពីចុងឆ្នាំ២០១៣មែន តើប្រទេសកម្ពុជានឹងមានរឿងអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី ដឹកនាំរាជរដ្ឋាភិបាល រួចហើយបានប្រគល់ទឹកដីនៃបណ្ដាលខេត្តនៅភាគឥសាន្ត ទៅឲ្យចលនាជនជាតិដើមភាគតិចម៉ុងតាញ៉ា ស្នាក់អាស្រ័យដើម្បីធ្វើសកម្មភាពប្រឆាំងជាមួយរដ្ឋាភិបាល ប្រទេសវៀតណាមដូចអ្វីដែលខ្លួន បានចុះកិច្ចព្រមព្រៀងជាមួយកាលពីខែមេសា ឆ្នាំ២០១៣ មែននោះ។ តើប្រទេសវៀតណាមនឹងទុកឲ្យប្រទេសកម្ពុជារស់នៅបានសុខដើម្បីឲ្យ ចលនាខុសច្បាប់មួយស្នាក់អាស្រ័យធ្វើសកម្មភាពប្រឆាំងប្រទេសរបស់គេដែល ឬអត់?។
សរុបសេចក្ដីមក នៅពេលដែលរដ្ឋាភិបាលកម្ពុជា ជារដ្ឋអធិបតេយ្យមួយ មិនសហការជាមួយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសជិតខាង ហើយបែរទៅសហការជាមួយចលនា ឬក្រុមឧទ្ទាម ខុសច្បាប់ដើម្បីប្រឆាំងជាមួយរដ្ឋអធិបតេយ្យនោះទៅវិញ គឺរដ្ឋអធិបតេយ្យនោះនឹងមិនទុកឲ្យប្រទេសយើងរស់នៅបានសេចក្ដីសុខនោះឡើយ។ ដូច្នេះល្បែងនយោបាយដែលលោក សម រង្ស៊ី លេងជាមួយចលនាជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលជាចលនាប្រឆាំងជាមួយរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវៀតណាមនោះ គឺមិនខុសពី លោកនាំយកភ្លើងមកដុតបញ្ឆេះប្រទេសខ្លួនឯងឲ្យឆេះសន្ធោសន្ធៅនោះឡើយ៕