(ភ្នំពេញ)៖ បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួនតូច ដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ ក្រុងរណបជ្រោយចង្វារ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ បានដាក់ញត្តិតវ៉ា និងចោទប្រកាន់អាជ្ញាធរ និងក្រុមហ៊ុនអភិវឌ្ឍន៍ថា ឈូសឆាយបំផ្លាញផ្ទះ និងព័ន្ធរបងយកដីរបស់ប្រជាពលរដ្ឋ ទាំងមិនទាន់ដោះស្រាយសំណងនោះ ពេលនេះត្រូវបានអាជ្ញាធរខណ្ឌ ចេញមកច្រានចោទប្រកាន់នេះថា ជារឿងមិនពិតឡើយ។
ការចេញមកបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពីអតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេស បានយកវីដេអូការតវ៉ារបស់ប្រជាពលរដ្ឋនេះ បង្ហោះនៅក្នុង Facebook របស់ខ្លួន ដោយចោទប្រកាន់អាជ្ញាធរថា មិនដោះស្រាយជូនប្រជាពលរដ្ឋ។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ បានបញ្ជាក់ប្រាប់ Fresh News ថា ការតវ៉ារបស់ជាប្រជាពលរដ្ឋនេះ គឺជារឿងដដែលៗ ហើយមានតែប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ដែលនៅតែមិនព្រមទទួលយកការដោះស្រាយ។ លោកបន្តថា អាជ្ញាធរខណ្ឌរង់ទទួល និងដោះស្រាយជាមួយ ប្រជាពលរដ្ឋពលរដ្ឋជានិច្ច ប៉ុន្តែប្រជាពលរដ្ឋខ្លួនឯងទេ ដែលអាជ្ញាធរកោះអញ្ជើញ ឲ្យមកដោះស្រាយហើយ បែរជាមិនមកទៅវិញ។
ចំពោះការចោទប្រកាន់ថា ដីនៅតំបន់នោះប្រជាពលរដ្ឋ មានកម្មសិទ្ធិចេញដោយអាជ្ញាធរនោះ ត្រូវបានលោកអភិបាលខណ្ឌពន្យល់ថា តាមពិតទៅដីនៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារនេះ ត្រូវរាជរដ្ឋាភិបាលចេញសេចក្តី សម្រេចបង្កកទុកតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ បានសេចក្តីថា បើទោះបីប្រជាពលរដ្ឋមកកាន់កាប់ដី កម្មសិទ្ធិនៅក្នុងតំបន់អភិវឌ្ឍន៍ក្តី ប៉ុន្តែដីនោះ គឺជារបស់រដ្ឋ មិនអនុញ្ញាតផ្តល់ប័ណ្ណកម្មសិទ្ធិឡើយ គឺជាដីរបស់រដ្ឋដដែល។
បន្ទាប់មករាជរដ្ឋាភិបាល បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនសាន់វេ របស់ម៉ាឡេស៊ី ធ្វើការវិនិយោគ ប៉ុន្តែដោយមិនដំណើរការ ទើបនៅឆ្នាំ២០១១ រាជរដ្ឋាភិបាលសម្រេចប្រគល់ដីតំបន់នេះ ឲ្យក្រុមហ៊ុន OCIC ធ្វើការអភិវឌ្ឍន៍ទីក្រុងរណប មកដល់សព្វថ្ងៃនេះ។
ក្រោយទទួលបានការអនុញ្ញាតឲ្យវិនិយោគ នៅតំបន់ជ្រោយចង្វារ ទាំងរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ និងក្រុមហ៊ុន បានតម្កល់នូវផលប្រយោជន៍ របស់ប្រជាជនជាធំ ដោយដោះស្រាយជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋពលរដ្ឋ តាមរយៈគោលនយោបាយច្បាស់លាស់ ដោយដោះស្រាយជូនប្រជាពលរដ្ឋមាន៣ជម្រើស៖ ១៖ទិញដាក់, ទី២៖ ការដោះដូរពីផ្ទះតូចៗ និងមិនមានរបៀបរៀបរយ យកផ្ទះល្វែងបុរីរុងរឿង និង៣៖ ការទទួលផ្ទៃដី១០ភាគរយ។
ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ដែលរស់នៅភូមិចាស់ ស្របផ្លូវជាតិលេខ៦ និងផ្លូវប្រ៉បច្រាំងទន្លេសាប អាជ្ញាធរអនវុត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដោយប្រជាពលរដ្ឋដែលមានដី និងផ្ទះ ចាប់គិតពីអ័ក្សផ្លូវដល់ដីអភិវឌ្ឍចំងាយ១០០ម៉ែត្រ គឺត្រូវឃ្វៀលចេញពីតំបន់អភិវឌ្ឍន៍ និងចេញប្លង់កម្មសិទ្ធិជូនស្របច្បាប់។
គិតរហូតមកដល់ពេលនេះអាជ្ញាធរ និងក្រុមហ៊ុនបានដោះស្រាយជូនប្រជាពលរដ្ឋដូចជា៖
១៖ ប្រជាពលរដ្ឋចំនួន៤០៤គ្រួសារ ត្រូវបានឃ្វៀលចេញពីតំបន់អភិវឌ្ឍន៍ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។
២៖ ប្រជាពលរដ្ឋប្រមាណ៣០០គ្រួសារ ដែលមានផ្ទះតូចៗ និងគ្មានរបៀបរៀបរយ ទទួលបានផ្ទះស្រស់ស្អាត និងមានផាសុកភាព នៅក្នុងបុរីរុងរឿង។
៣៖ ប្រជាពលរដ្ឋ៥៧គ្រួសារ ទទួលយកនូវគោលនយោបាយផ្ទៃដី១០ភាគរយ ដោយនៅសល់តែ១០៩គ្រួសារទៀត ដែលមិនទាន់ទទួលយក។
លោក ឃ្លាំង ហួត បានបន្តថា ចំពោះការដោះស្រាយជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍នេះ គឺដំណើរការទៅមុខយ៉ាងរលូត ដោយនៅសល់តែប្រជាពលរដ្ឋតិចតួចប៉ុណ្ណោះ ខណៈការអភិវឌ្ឍន៍ក្រុងរណបនេះ បាននិងកំពុងលេចរូបរាងជាបណ្តើរៗ ដែលមិនត្រឹមតែជួយលើកមុខមាត់ ប្រជាជនមូលដ្ឋានផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងជួយលើកមុខមាត់រាជធានីភ្នំពេញផងដែរ៕