(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) បានចាត់ទុក និងជ្រើសរើសកម្ពុជា គឺប្រទេសគំរូដ៏ឆ្នើមមួយ ក្នុងចំណោមប្រទេស៥ ដែលអនុវត្តកម្មវិធី កំណែទម្រង់ស៊ីជម្រៅមុតស្រួច របស់អគ្គនាយកដ្ឋានពន្ធដារ ដោយទទួលបានលទ្ធនៃការប្រមូលចំណូលពន្ធកើនឡើងយ៉ាងខ្លាំង៥ឆ្នាំជាប់ៗគ្នា។
អគ្គនាយកដ្ឋានពន្ធដារបានចាត់ទុកលទ្ធផលនេះថា ជ័យជំនេះត្រចះត្រចង់ និងជាប្រវត្តិសាស្ត្រ នៃកម្មវិធីកំណែទម្រង់ស៊ីជម្រៅមុតស្រួចរបស់អគ្គនាយកដ្ឋានពន្ធដារក្នុងរយៈពេល ៥ឆ្នាំកន្លងទៅនេះ ដែលត្រូវបានស្ថាប័នអន្តរជាតិ IMF ចាត់ទុកនិងជ្រើសជាគំរូដ៏ឆ្នើមមួយក្នុងចំណោមប្រទេស៥ នៅក្នុងឯកសារករណីសិក្សា (Case Study) របស់ខ្លួនដែលបាន បោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តីរបស់ស្ថាប័ន IMF F&F Magazine ចុះខែមិនា ឆ្នាំ២០១៨ Vol. 55 No.1 និងនៅក្នុងគេហទំព័រ http://www.imf.org/external/pubs/ft/fandd/2018/03akitoby.htm
អត្ថន័យខ្លឹមសារសំខាន់ៗនៅក្នុងឯកសារបោះពុម្ភផ្សាយនេះ គឺធ្វើការឆ្លុះបញ្ចាំងឲ្យឃើញនូវភាពត្រឹមត្រូវ និងជាគំរូដ៏ឆ្នើមនៃការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅមុតស្រួចរបស់ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា និងរដ្ឋាបាលសារពើពន្ធ នៃប្រទេសចំនួន៤ទៀត គឺប្រទេស Georgia, Guyana, Liberia និងប្រទេស Ukraine ដែលជាលទ្ធផលបានឈាន ទៅសម្រេចបាននូវកំណើនចំណូលពន្ធប្រមូលបាន ក្នុងកម្រិតខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ដែលស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល នៃប្រទេសទាំង៥នេះ ក៏ដូចជាស្របតាមគោលបំណង និងសេចក្តីប្រាថ្នារបស់ស្ថាប័ន IMF ផងដែរ។
ចំណុចពិសេស ឬកត្តាចម្បងរួមដែលឯកសារនេះ បានលើកឡើងថា បានដើរតួនាទីយ៉ាងសំខាន់ជាមូលដ្ឋានគ្រឹះសម្រាប់រដ្ឋបាលសារពើពន្ធរបស់ខ្លួន គឺមានដូចជា៖
១៖ រដ្ឋាភិបាលមានទស្សនវិស័យ និងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ រដ្ឋបាលសារពើពន្ធច្បាស់លាស់។
២៖ ថ្នាក់ដឹកនាំនៃរដ្ឋាភិបាល មានឆន្ទះនយោបាយមុតមាំ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ និងជំរុញឲ្យមានការគាំទ្រពេញទំហឹងពីគ្រប់មជ្ឈដ្ឋានអ្នកពាក់ព័ន្ធ ចំពោះការអនុវត្តជាក់ស្តែង។
៣៖ កែសម្រួលធ្វើសមញ្ញភាពនៃប្រពន្ធពន្ធដារ ឲ្យមានលក្ខណៈសមញ្ញមានភាពជាក់លាក់ច្បាស់លាស់ និងមានងាយស្រួលយល់ និងងាយស្រួលអនុវត្ត។
៤៖ ធ្វើបច្ចុប្បន្នភាព និងបង្កើតប្រសិទ្ធភាពនៃប្រភេទពន្ធអាករសំខាន់ៗ ដូចជាអាករលើតំលៃបន្ថែមអាករពិសេស និងពន្ធលើប្រាក់ចំនេញ។ល។ ឲ្យបានស្របតាមការវិវឌ្ឍន៍ឥតឈប់ឈរ នៃបរិយាកាសសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
៥៖ កែលំអ និងពង្រឹងរចនាសម្ព័នអង្គភាព ពង្រឹងរដ្ឋបាលកិច្ច និងអភិបាលកិច្ចគ្រប់គ្រង និងមានយុទ្ធសាស្ត្រគ្រប់គ្រងធនធានមនុស្សជាក់លាក់ច្បាស់លាស់។
៦៖ ប្រើប្រាស់ប្រពន្ធគ្រប់គ្រងព័ត៌មានវិទ្យា ជាមធ្យោបាយក្នុងការជំរុញបង្កើនប្រសិទ្ធភាព ស័ក្កិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃកិច្ចការប្រតិបត្តិការទាំងមូល។
៧៖ កែលំអនិងបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធកម្មវិធីធ្វើសវនកម្មផ្ទៀងផ្ទាត់ ដើម្បីជាជំនួយដ៏សំខាន់ដល់ការជំរុញបង្កើនអានុលោមភាពពន្ធរបស់អ្នកជាប់ពន្ធ។
សូមជម្រាបថា សម្រាប់រយៈពេលពេញមួយឆ្នាំ២០១៧ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន សរុបចំនួន ៧,៧៥៤.៨១ពាន់លានរៀល (ប្រមាណជា១,៩៣៨.៧១ លានដុល្លារអាមេរិក) ស្មើនឹង១១៣% នៃផែនការ និងបានបំពេញបែបបទសលាកបត្របង់ចូលថវិកាជាតិបានចំនួន ៧,៦៨៦.៨៦ ពាន់លានរៀល (ប្រមាណ១,៩២១.៧១លានដុល្លារអាមេរិក) ស្មើនឹង១១២% នៃផែនការ។ ប្រសិនបើធៀបនឹងឆ្នាំ២០១៦ ឃើញថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៧ មានការកើនឡើងចំនួន ១,៦៧៦.៣៦ពាន់លានរៀល (ប្រមាណ៤១៩.០៩ លានដុល្លារ) ស្មើនឹង២៧.៨៩%៕