(កំពង់ធំ)៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៨នេះ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ និងលោក ប៉ែន និន ប្រធានក្រុមប្រឹក្សាស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី៨មីនា លើកទី១០៧ ក្រោមប្រធានបទឆ្នាំ២០១៨ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅសាលាស្រុកសណ្តាន់ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា ហើយកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជាង៣០០នាក់។
លោក ឡង គីស៊ឹង បានលើកឡើងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ ដោយការរក្សាកំណើនសេដ្ឋកិច្ចនេះហើយបានធ្វើឲ្យ ប្រជាពលរដ្ឋ បានទទួលផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច ដោយមានកម្រិតជីវភាពសមរម្យ។ លោកបានបន្តថា សព្វថ្ងៃរាជរដ្ឋាភិបាលក៏បានតម្លើងប្រាក់ខែជូនកម្មករ និងមន្រ្តីរាជការ ព្រមទាំងគិតគូរអំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមានបេឡាជាតិរបបសន្តិសុខសង្គម កត្តានេះបានធ្វើអោយលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ និងកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភជាពិសេសកម្មករយើងពេលចាស់ទៅ។
លោកស្រី ស៊ឹម ស៊ីដារ័ត្ន អភិបាលរងស្រុក បានលើកឡើងថា ការៀបចំខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨ បានដំណើរការនាពេលនេះ គឺដោយមានការណែនាំរបស់ក្រសួងកិច្ចការនារី និងដោយមានកិច្ចសហការ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិការពីអង្គការអាដ្រាកម្ពុជា និងសប្បុរសជននានា។ លោកស្រីបានបន្តថា តាមរយៈការចូលរួមជាសម្ភារៈ និងថវិកាដែលសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់ថា ពិតជាបានឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកថាស្រ្តី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិហើយប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» គឺជាប្រធានបទដ៏សំខាន់ព្រោះថាបើប្រទេសគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍដែរ។
លោកញ៉ែម ចំរើន ប្រធានអង្គការអាដ្រាប្រចាំស្រុកសណ្តាន់ បានលើកឡើងថាការៀបចំទិវាអន្តរជាតិនារី ៨មីនា គឺជាទិវាជាតិដើម្បីរំលឹកពីស្នាដៃស្ត្រីក្នុងការទាមទាសិទ្ធិស្មើភាពគ្នារវាងបុរស និងស្ត្រី ព្រមទាំងលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនារីភេទ ហើយការឯកភាពជ្រើសរើប្រធានបទ «ស្រ្តីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជំរុញឲ្យមានគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រីក៏ដូចជាសុខមាលភាពសង្គមដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សាព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕