(ស្វាយរៀង)៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ បានថ្លែងបញ្ជាក់ថា តាមគម្រោងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្ត វ៉ៃកូ ក្នុងជំហានទី២ នឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ដែលវាមានលទ្ធភាព អាចផ្គត់ផ្គង់ស្រោចស្រពស្រូវទាំងវស្សា និងប្រាំង រហូតដល់ប្រមាណ៣០ម៉ឺនហិកតា នៃខេត្តចំនួន៤ ក្នុងនោះស្រូវវស្សាជាង២០ម៉ឺនហិកតា។

នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ លោក លឹម គានហោ រួមជាមួយមន្រ្តីជំនាញ បានចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី២ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង ដោយរហូតមកដល់ពេលនេះ ការសាងសង់សម្រេចប្រមាណ២៥ភាគរយហើយ។

លោករដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលបញ្ចប់ការសាងសង់ទាំងស្រុង នៅឆ្នាំ២០២១ ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ (ជំហានទី១ និងជំហានទី២) មានសក្តានុពលទឹក ស្រោចស្រពស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ប្រមាណ៣០ម៉ឺនហិកតា»

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានឲ្យដឹងផងដែរ ក្នុងឱកាសចុះពិនិត្យការងារនោះ លោករដ្ឋមន្ត្រី បានជួបជាមួយអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Guangdong Foreign Construction Co.,Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាអ្នកអនុវត្តគម្រោងនេះ ដោយលោករដ្ឋមន្រ្តី បានណែនាំបន្ថែមលើលក្ខណៈបច្ចេកទេសមួយចំនួន សំដៅធ្វើយ៉ាងណាឱ្យសំណង់ប្រព័ន្ធធារាសាស្ត្រ ក្រោយពេលសាងសង់រួច មានគុណភាពល្អ ធានាការប្រើប្រាស់យូរអង្វែង។

តាមរបាយការណ៍រប​ស់ក្រសួងធនធានទឹក បានបង្ហាញថា គម្រោងប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី២ ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្រោចស្រព ដល់ដីស្រែប្រជាកសិករប្រមាណ១០ម៉ឺនហិកតា កំពុងត្រូវបានដំណើរការសាងសង់យ៉ាងមមាញឹក។

ការងារសាងសង់ដែលត្រូវអនុវត្តនៅក្នុងជំហានទី២នេះមាន៖
*ជីកព្រែក០២ខ្សែ សរុបប្រវែង១៤,៦គីឡូម៉ែត្រ
*សាងសង់ប្រឡាយមេ០៤ខ្សែ សរុបប្រវែង៥៩,៥ គីឡូម៉ែត្រ
*សាងសង់ទំនប់សណ្តរ ប្រវែង៤១,៥ គីឡូម៉េត្រ
*សាងសង់សំណង់បង្ហៀរ ចំនួន០១កន្លែង, សំណង់ស្ទាក់ទឹក៦កន្លែង និងសំណង់សម្រួលចរន្តទឹក៨កន្លែង
*សាងសង់ស្ថានីយបូមទឹក ចំនួន០៤កន្លែង និងសំណង់លូទឹក៣២កន្លែង។

លោក ចាន់ យុត្ថា បានបញ្ជាក់ថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រដ៏មានសក្តានុពលនេះ គ្រោងប្រើរយៈពេលប្រមាណ៥២ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ រហូតដល់ឆ្នាំ២០២១។ តាមការរំពឹងទុក ប្រព័ន្ធធារាសាស្ត្រ វ៉ៃកូ ជំហានទី២ នឹងផ្តល់ទឹកសម្រាប់ផ្គត់ផ្គង់ដល់ផ្ទៃដីបង្កបង្កើនផលស្រូវវស្សាប្រមាណ៩៣.១០០ហិកតា និងស្រូវប្រាំង២៣.៣០០ ហិកតា បន្ថែមទៀត នៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង៕