(ភ្នំពេញ)៖ ក្រុមហ៊ុន និងសមាគមចិនធំៗថ្មីចំនួន២ទៀត បានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលវានឹងធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិន កាន់តែរឹងមាំបន្ថែមទៀត ជាពិសេសលើវិស័យពាណិជ្ជកម្ម, វិនិយោគទុន និងទេសចរណ៍។
ជាក់ស្ដែងនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតី សម្ពោធក្រុមហ៊ុន Entapay Network Technology និងសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហ៍កម្មកម្ពុជា។
លោកស្រី ម៉ែន សំអន បានកើតសរសើរដល់សមាគមសភាពាណិជ្ជកម្មចិន នៅកម្ពុជា ដែលមានជំនឿមុតមាំ មកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយបានជំរុញពាណិជ្ជកម្ម និងធុរកិច្ចចិន នៅក្នុងកម្ពុជា ។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន និងសមាគមថ្មីនេះ នឹងរួមចំណែកអភិវឌ្ឍន៍កម្ពុជា តាមរយៈការនាំចូលនូវទុនវិនិយោគ និងបច្ចេកវិទ្យាទំនើប ដែលពាក់ព័ន្ធនឹងទូរគមនាគមន៍ បច្ចេកវិទ្យា ITC និងវិនិយោគលើវិស័យជាច្រើនក្នុងនោះដូចជា៖ កសិកម្ម ឧស្សាហ៍កម្ម ពាណិជ្ជកម្ម សុខាភិបាល និងធានារ៉ាប់រងជាដើម។
លោកស្រីថា លើសពីនេះទៅទៀត ក្រុមហ៊ុន និងសមាគមថ្មីទាំងពីរ នឹងជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា និងប្រទេសចិន ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគទុន ទេសចរណ៍អោយបានកាន់តែរឹងមាំថែមទៀត ។
ក្រុមហ៊ុន និងសមាគមទាំង២ ត្រូវបានជួបគ្នាឡើងចំពេលកម្ពុជា កំពុងតែមានសុខសន្តិភាព មានការទាក់ទាញផ្នែកពាណិជ្ជកម្ម និងអ្នកវិនិយោគផ្ទាល់ពីបរទេស។ ដោយសារប្រទេសកម្ពុជា មានស្ថេភាពល្អផ្នែកសេដ្ឋកិច្ច និងនយោបាយ និងគោលនយោបាយគាំទ្រដល់អាជីវកម្ម ។
ម្យ៉ាងទៀត ការបង្កើតស្នាក់ក្រុមហ៊ុនថ្មី និងសមាគមនាពេលនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះថា រាជធានីភ្នំពេញជាបេះដូង នៃប្រទេសកម្ពុជា ដែលជាទីតាំងយុទ្ឋសាស្ត្រដ៏ល្អ សម្រាប់ការស្នាក់នៅ ធ្វើការងារ និងកន្លែងធ្វើការតាមបែបទំនើប ជាពិសេសសម្រាប់ជនបរទេស ។
លោកស្រី ម៉ែន សំអន បានលើកឡើងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា រក្សាបានកំណើនសេដ្ឋកិច្ច ៧ភាគជាប់ៗគ្នា ដែលជាទុនសម្រាប់អ្នកវិនិយោគ បរទេសចូលមក បណ្តាក់ទុននៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់អ្នកវិនិយោគ ទាំងជាតិ និងអន្តរជាតិ។
លោកស្រីបន្ដថា ជាក់ស្តែង ថ្ងៃនេះ ក្រុមហ៊ុន Entapay Network Technology និងសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហ៍កម្មកម្ពុជា បានបើកសម្ពោធនាពេលនេះ។ ដោយមានទំនាក់ ទំនងដ៏ល្អប្រសើរ ស្អិតរមួត រវាងកម្ពុជានិងចិន កាន់តែរីកចំរើន ស្របពេលដែលប្រទេសចិន មានគម្រោងដ៏ធំមួយ គឺ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់១ ផ្លូវ១» កំពុងដំណើរការ និងបាន ទាក់ទាញការចូលរួមយ៉ាងសកម្ម ពីប្រទេសជាច្រើននៅក្នុងតំបន់ និងក្រៅតំបន់ រួមទាំងកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោកស្រីឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណ ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃ របស់អ្នកវិនិយោគចិន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើស កម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន នៅកម្ពុជា។ លោកស្រី ក៏បានផ្តាំផ្ញើដល់ក្រុមហ៊ុន និងសមាគមទាំង២នេះ សូមគោរពតាម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមាន ដែលច្បាប់កម្ពុជា បានកំណត់៕