(ភ្នំពេញ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១០៧ ទិវាសិទ្ធិនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ក្រោមអធិបតីភាពលោកស្រី ជា ស៊ីណា ឃួងស្រេង អនុប្រធានគណៈកម្មាធិការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា បន្ថែមលើការងារស្នូលនៅក្នុងអង្គភាព មន្ត្រីរាជការ និយោជិតជានារី ក៏ត្រូវទទួលបន្ទុកនៅឯគេហដ្ឋានក្នុងឋានៈជាភរិយា, ជាម្តាយ, ជាបងស្រី, ជាប្អូនស្រីប្រកបដោយភាពអំណត់ខិតខំអប់រំណែនាំ ថែបំប៉នទាំងស្មារតី និងសកម្មភាពដើម្បីគ្រួសារមានសុភមង្គល។

បើតាមលោក សាំ ពិសិដ្ឋ មន្ទីរសាធារណការ និងដឹកជញ្ជូន គឺជាមន្ទីរដែលមានបុគ្គលិក កម្មករជានារីច្រើងជាងគេ ដែលភាគច្រើនបងប្អូនទាំងនោះ បំពេញដោយក្រោមកំដៅថ្ងៃ ក្រោមភ្លៀងក្នុងបុព្វហេតុអភិវឌ្ឍន៍រាជធានីភ្នំពេញដូចជា កសាង ថែទាំសួនច្បារ ផ្លូវថ្នល់ ប្រព័ន្ធលូ អគ្គិសនីបំភ្លឺសាធារណៈជាដើម មិនចាញ់បុរសឡើយ។

ជាមួយគ្នានោះ លោកស្រី ជា ស៊ីណា ឃួងស្រេង បានលើកឡើងថា បច្ចុប្បន្ននេះ​ទស្សនៈថា នារីបង្វិលកន្ទុយចង្គ្រាន មិនជុំ ឬថា​ស្ត្រីចេះត្រឹមធ្វើការផ្ទះ គឺលែងមានន័យទៀតហើយ ដោយសារនារីក្លាយជាដៃគូរមិនអាចខ្វះបាន ជាមួយបុរស និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ជាតិ មាតុភូមិ ដែលបានស្តែងឡើងតាមរយៈសមត្ថភាពដឹកនាំ របស់នារីជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន។

លោកស្រី ជា ស៊ីណា បានគូសបញ្ជាក់ថា ជាពិសេសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និងកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចព្រះមហាក្សត្រី នរោត្ត មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានបំពេញការងារជាច្រើន រួមចំណែក​លើកកំពស់សិទ្ធិនារី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន យកចិត្តទុកដាក់លើទុរគតជន ក្មេងកំព្រា ព្រមទាំងសកម្មភាពមនុស្សធម៌ ជាច្រើនទៀត។

ក្នុងឱកាសនោះដែរ លោកស្រី ជា ស៊ីណា ឃួងស្រេង ក៏បានផ្តល់វត្ថុអនុស្សាវរីយ៍ដល់បងប្អូន​នារីនៅមន្ទីសាធារណការ ចំនួន២៦១នាក់ ក្នុងម្នាក់ទទួលបានក្រណាត់សឹង្ហ១ដុំ និងថវិកា២ម៉ឺនរៀលផងដែរ៕