(ភ្នំពេញ)៖ មន្ត្រីត្រួតពិនិត្យប្រេងឥន្ធនៈនៃអគ្គនាយកដ្ឋានកាំកុងត្រូល បានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន៣កន្លែងក្នុងខណ្ឌច្បារអំពៅ នៅតែបន្តរឹងរូស លក់ប្រេងមិនគ្រប់ចំណុះទៅលេខកុងទ័រ និងយកប្រេងធម្មតាធ្វើប្រេងស៊ុពែរថែមទៀតផងដែរ។ ក្រុមមន្រ្តីកាំកុងត្រូលបានស្នើឲ្យក្រសួងពាណិជ្ជកម្មពិចារណាព្យួរអាជ្ញាប័ណ្ណធ្វើអាជីវកម្មប្រចាំឆ្នាំ ឬបញ្ឈប់អាជីវកម្មតែម្តង។
លោក គឿន ភិរុណ អនុប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្កា្របការកែ្លងបន្លំ នៃអគ្គនាយកដ្ឋានកាំកុងត្រូលក្រសួងពាណិជ្ជកម្មតាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័តនៅថៃ្ងទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បន្តចុះត្រួតពិនិត្យបរិមាណ និងគុណភាពប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូមួយចំនួនដែលធ្លាប់ធើ្វកិច្ចសន្យាក្នុងការត្រួតពិនិត្យនាពេលកន្លងទៅ ស្ថិតនៅក្នុងសង្កាត់និរោធ និងសង្កាត់ព្រែកបា្រ ខណ្ឌច្បារអំពៅ ក្នុងគោលបំណងតាមដានរកភាពអនុលោមទោតាមការកែតម្រូវឲ្យសមស្របតាមបទដ្ឋាន និងផ្លូវច្បាប់ ។
បើតាមលោក ភិរុណ ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ គឺផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែង ដូចជាធុងក្រឹតមានមាឌជាក់លាក់សម្រាប់វាស់បរិមាណប្រេងដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នាមានចំណុះ ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត ។
លោក ភិរុណ បន្តថា ជាលទ្ធផលនៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ និងដេប៉ូដែលធ្លាប់មានបញ្ហាកង្វះរង្វាស់រង្វាល់ និងបន្លំគុណភាពប្រេងឥន្ធនៈទាំង ០៤កន្លែង ឃើញថាមាន ០១កន្លែងបានកែតម្រូវត្រឹមត្រូវតាមអនុលោមភាព។ ចំណែក ០៣កន្លែងទៀតមានភាពរឹងរុសមិនព្រមកែតម្រូវនោះឡើយ។
ដេប៉ូទាំង៣ ដែលម្ចាស់រឹងរូសមិនព្រមកែតម្រូវនោះរួមមាន៖ ដេប៉ូ TELA (បឹងឈូកមានជ័យ) មានតំណាងឈ្មោះ ឌិន តូនី, ដេប៉ូ TELA (សុះការីម) មានម្ចាស់ឈ្មោះ សុះ ការីម និងដេប៉ូ TELA (ឈូករត្ន័) មានម្ចាស់ឈ្មោះ សុក ហួត ដែលមានទីតាំងនៅលើផ្លូវតាង៉ូវ សង្កាត់និរោធ និងផ្លូវ៣៦៩ សង្កាត់ព្រែកបា្រ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
លោក ភិរុណ បានបញ្ជាក់ថា បន្ទាប់ពីរកឃើញថា ម្ចាស់ដេប៉ូទាំង៣កន្លែងបន្តរឹងរូសមិនព្រមកែប្រែ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈ បានរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដើម្បីពិចារណាព្យួរអាជ្ញាប័ណ្ណធើ្វអាជីវកម្មប្រចាំឆ្នាំ ឬបញ្ឈប់ការអាជីវកម្មតែម្តង។
លោកអនុប្រធាននាយកដ្ឋានរូបនេះ បានបញ្ជាក់ថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ បានអំពាវនាវដល់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូលទៅតាមផ្លូវច្បាប់។
លោក គឿន ភិរុណ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលជាក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។ ជាពិសេសនៅពេលចាក់ប្រេងត្រូវពិនិត្យមើលលេខកុងទ័រនៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការនៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕