(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានដាក់ផែនការស្ដីពីយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣ ពេញមួយឆ្នាំ២០១៨នេះ ពោលចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមផែនការរបស់ប្រមុខនៃរាជរដ្ឋាភិបាល ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានរំលេចថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ទាំង២លើក ក្នុងឆ្នាំ២០១៧កន្លងទៅ របស់រាជរដ្ឋាភិបាលត្រូវបានចាត់តាំងអនុវត្តយ៉ាងសកម្មផុសផុល ដោយមានការចូលរួមយ៉ាងសស្រាក់សស្រាំពីគ្រប់ស្រទាប់ប្រជាពលរដ្ឋ មន្ដ្រីរាជការ និងមហាជនក្នុងសង្គម ដែលបង្កើតបានជាចលនាជាតិ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលបានលទ្ធផលល្អប្រសើរ ព្រមទាំងមានការគាំទ្រ និងវវាយតម្លៃជាវិជ្ជមានពីសំណាក់សាធារណៈមតិជាតិ អន្ដរជាតិ ចំពោះស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលលើជោគវាសនាប្រទេសជាតិ និងប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍ នៅក្នុងផែនការរបស់នាយករដ្ឋមន្ដ្រី បានបង្ហាញថា ពេញមួយឆ្នាំ២០១៧ សមត្ថកិច្ចពាក់ព័ន្ធបានបើកប្រតិបត្តិការយ៉ាងក្ដៅគគុក បង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ចំនួន ៨,១៧៣ករណី ឃាត់ខ្លួនជនសង្ស័យ១៧,៨០០នាក់ ដកហូតថ្នាំញៀនសរុប១៨.២៣គីឡូក្រាម រួមទាំងមធ្យមបាយ សម្ភារ និងវត្ថុតាងមួយចំនួនទៀត។
តាមរយៈផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៣នេះ គណៈបញ្ជាការដឹកនាំ គឺសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន ព្រមទាំងមន្ដ្រីពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្តទាំង២៥ផងដែរ។
សូមបញ្ជាក់ថា សម្រាប់ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ និងលើកទី២ កំណត់ត្រឹម៦ខែប៉ុណ្ណោះ ប៉ុន្ដែផែនការលើកទី៣នេះ គឺពេញមួយឆ្នាំតែម្ដង។
សូមអានខ្លឹមសារលម្អិត នៅក្នុងផែនការរបស់ នាយករដ្ឋមន្រ្តីខាងក្រោមនេះ៖