(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្មេង ចាស់ប្រុស ស្រីព្រមទាំងសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៃភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ជាច្រើនរយនាក់ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបចំធ្វើពិធីដង្ហែរខ្មោច ព្រាយ បីសាច អាប យកទៅបណ្តែតទឹកទន្លេ ដោយពួកគាត់គិតថា កន្លងមកតែងតែបានចូលក្នុងខ្លួនប្រាណប្រជាពលរដ្ឋ រហូតធ្វើឲ្យពួកគាត់មានការខ្លាចរអា។
លោក ស៊ឹម ប៊ឿន ស្មៀនឃុំកំពង់ស្រឡៅ១ បានឲ្យដឹងថា ពិតជាមានប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅ ធ្វើពិធីបែបនេះមែន មិនត្រឹមតែប្រជាពលរដ្ឋទេ គីមានលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប៉ូលិស និងប្រជាការពារភូមិចូលរួមផងដែរ និយាយរួម ក្នុងមួយភូមិកំបង់ស្រឡៅ គឺចូលរួមគ្រប់គ្នា។
លោក ស៊ឹម ប៊ឿន បានបញ្ជាក់ទៀតថា មូលហេតុដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិកំពង់ស្រឡៅរៀបចំធ្វើពិធីដង្ហែ បណ្តេញខ្មោច ព្រាយ បីសាច អាបចេញពីភូមិបែបនេះ ក៏ព្រោះតែកាលពីប៉ុន្មានថ្ងៃមុននេះ ពោលគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋប្រមាណ៦នាក់ ហើយត្រូវបានខ្មោច ព្រាយបីសាចចូលខ្លួន ក្នុងនោះមានកូនកំលោះ ក្រមុំមួយគូរក្នុងថ្ងៃរៀបការក៏ដូចជា កូនរបស់លោកមេឃុំកំពង់ស្រឡៅ១ផងដែរ។
លោកស្មៀនឃុំ បានបន្ដថា អាការៈរបស់បងប្អូនប្រជាពលរដ្ឋដែលត្រូវខ្មោចព្រាយបីសាចចូលសន្ធិតក្នុងខ្លួន គឺមានអាការៈនិយាយរវើរវាយផ្តេសផ្តាស និងស្រែក ហើយភ្នែកបាញ់ក្រឡោតមកមើលមនុស្សជុំវិញគួរឲ្យព្រឺខ្លាច ប៉ុន្តែជំងឺប្រភេទនេះ គឺមិនដែលនាំទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺមានតែគ្រូអាចារ្យ ដែលគេមានមន្តអាគមន៍ស្តោះផ្លុំ នោះទើបធ្វើឲ្យអ្នកជំងឺវិលមករកសភាពធម្មតាជាសះស្បើយវិញ។
ពិធីដែលគេធ្វើថ្ងៃនេះ គឺគេមានរៀបចំជាសាធម៌ បាយសី បាយស បាយក្រហម នាំគ្នាដង្ហែរយកទៅដាក់ក្នុងទឹកទន្លេបណ្តែតទឹកចោល។ ជាមួយគ្នានោះផងដែរ ក៏មានការអុជផាវផ្ទុះទ្រហឹងពេញភូមិ ចំណែកផ្ទះមានចងពទ្ធ័នូវខ្សែអំបោះសីម៉ាការពារផងដែរ។
បើតាមលោក ស៊ឹម ប៊ឿ ពិធីបែបនេះ ប្រជាពលរដ្ឋទើបតែធ្វើនៅក្នុងឆ្នាំនេះទេ ឆ្នាំមុនៗមិនមានធ្វើទេ គឺធ្វើតែពិធីឡើងអ្នកតាប៉ុណ្ណោះ ហើយចំពោះឆ្នាំនេះ ដែលបណ្តាលឲ្យមានហេតុការណ៍បែបនេះ ក៏ព្រោះតែមានបញ្ហា៣ចំណុច ដែលធ្វើឲ្យប្រជាពលរដ្ឋមានជំនឿ គឺទី១៖ការយកខ្មោចតៃហោងចូលមកក្នុងភូមិ, ទី២៖បុណ្យឡើងអ្នកតាមិនសូវមានប្រជាពលរដ្ឋចាស់ៗចូលរួម មានតែក្មេងៗហើយក៏គ្មានអ្នកស្នងរូបចូលសន្ធិត និងទី៣៖មិនមានធ្វើពិធីអ៊ុទូក រាល់ឆ្នាំសែនដល់អ្នកតា ទើបធ្វើឲ្យខឹងសំបាហើយព្រលែងខ្មោចព្រាយ ចូលធ្វើបាបប្រជាពលរដ្ឋក្នុងភូមិបែបនេះ៕