(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ថា នៅឆ្នាំ២០១៧កន្លងទៅនេះ ការវិនិយោគនៅកម្ពុជាមានចំនួន១៨៣គម្រោង សរុបទុនវិនិយោគ៦.៣ពាន់លានដុល្លារអាមេរិក កើនឡើង៧៥ភាគរយ។
ការបញ្ជាក់នេះ ធ្វើឡើងក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៨ នាព្រឹកថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
វេទិការនេះ រៀបចំឡើងក្រោមការចូលរួមពីលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងលោក សុខ ណារិន តំណាងប្រចាំប្រទេស នៃអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និងលោក Cheng Qingtao អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នកម្ពុជាដែលពាក់ព័ន្ធ, តំណាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា, ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃសភាពាណិជ្ជកម្មអន្តរជាតិចិន, ក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មអន្តរជាតិចិន, UNIDO Green Industry Platform China Chapter Office និងតំណាងក្រុមហ៊ុនចិនចំនួនប្រមាណ ៤០ក្រុមហ៊ុន ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្ដា-នុពលធុរកិច្ច និងវិនិយោគនៅកម្ពុជា។
វេទិកានេះ បានផ្ដល់នូវឱកាសសម្រាប់ការជួបពិភាក្សាគ្នារវាង ក្រុមហ៊ុនដែលកំពុងមានសកម្មភាពនៅកម្ពុជា ជាមួយនឹងក្រុមហ៊ុនចិន ដែលមានចំណាប់អារម្មណ៍ និងកំពុងស្វែងរកលទ្ធភាពធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ដោយផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សុខាភិបាល, ភស្តុភារកម្ម និងថាមពល ជាដើម។
CDC បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កម្ពុជាបានទទួលស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៨៣គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៦.៣ពាន់លានដុល្លារអាមេរិក គឺមានកំណើន៧៥% បើធៀបនឹងទុនវិនិយោគសរុបប្រមាណ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ តួលេខ វិនិយោគក្នុងឆ្នាំ២០១៧ កន្លងទៅនេះ គឺជាតួលេខដ៏ខ្ពស់មួយដែលកម្ពុជាទទួលបានក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។
ជាការកត់សម្គាល់ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ការវិនិយោគរបស់ប្រទេសចិនគឺជាប្រភពទុនវិនិយោគធំជាងគេនៅកម្ពុជា ក្នុងបរិមាណសរុប ៥,៣ពាន់លានដុល្លារអាមេរិក គឺជាមធ្យមប្រមាណ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមានការកើនឡើងជាលំដាប់ ដោយបានផ្តោតលើវិស័យមួយចំនួន រួមមាន ធនាគារ, ឧស្សាហកម្ម, ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។ល។ កំណើននៃទុនវិនិយោគនេះ បានបង្ហាញអំពីភាពជឿជាក់ របស់អ្នកវិនិយោគចិន ទៅលើបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា។
លោក នុត អ៊ុនវ័ណរ៉ា បានវាយតម្លៃខ្ពស់ដល់ភាគីចិន ដែលតែងតែផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការយ៉ាងច្រើនក្នុងការកសាង និងពង្រឹងហេដ្ឋា-រចនាសម្ព័ន្ធសេដ្ឋកិច្ច ជាពិសេសអ្នកវិនិយោគចិន ដែលតែងតែផ្ដល់ទំនុកចិត្ដដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានសម្ដែងនូវការអរគុណចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគចិន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួននៅកម្ពុជា។
លោក នុត អ៊ុនវ័ណរ៉ា បានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាលក្នុងការពិនិត្យ និងសម្រេចការងារវិនិយោគ សូមសម្ដែងការស្វាគមន៍នូវ រាល់ការវិនិយោគទាំងអស់ និងធានាផ្ដល់កិច្ចសម្រួលការវិនិយោគដែលមានប្រសិទ្ធភាព តម្លាភាព និងបង្កើតនូវបរិស្ថានអំណោយផលសម្រាប់អ្នកវិនិយោគទាំងអស់៕