(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងអង្គមីទ្ទិញអបអរសាទរខួបលើកទី១០៧ នៃទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ជាមួយនឹងការបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលថា នៅតែប្ដេជ្ញាខិតខំលើកកម្ពស់តម្លៃស្រ្តីជានិច្ច ព្រោះស្ត្រីជាឆ្អឹងខ្នងដ៏សំខាន់នៅក្នុងសេដ្ឋកិច្ច-សង្គម និងជាកម្លាំងចលករដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍កម្ពុជា។
អង្គមីទ្ទិញនេះក៏មានការចូលរួមពីលោកស្រី សាន្ត អរុណ រដ្ឋលេខាធិការក្រសួងកិច្ចការនារីផងដែរ ដោយក្នុងនោះលោករដ្ឋមន្ត្រីបានប្រកាសគាំទ្រឲ្យក្រសួងកិច្ចការនារី សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បង្កើតសមាគមនារីនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍នានា ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះនារីខ្មែរនៅតាមមូលដ្ឋានទាំងនោះ។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកនូវអំណះអំណាងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាទទួលបានសុខសន្ដិភាពយ៉ាងពេញលេញ ដែលពុំធ្លាប់មានក្នុងរយៈពេលជិត៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្ដរបស់កម្ពុជា។ កត្តាសុខសន្ដិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធានានូវការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះរួមមានវិស័យទេសចរណ៍ផងដែរ។ ជាក់ស្ដែង វិស័យទេសចរណ៍កម្ពុជាបាននិងកំពុងមានសន្ទុះរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដោយរក្សាបាននូវកំណើនជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណជាង ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP) និងតំណាងឱ្យប្រមាណ ៣០% នៃវិស័យសេវាកម្មនៅកម្ពុជា។
គួរបញ្ជាក់ថា ឆ្នាំ២០១៧ ជាមួយនឹងការមកដល់នៃទេសចរអន្ដរជាតិជាង ៥.៦លាននាក់ វិស័យទេសចរណ៍បាននាំមកនូវចំណូល ៣,៦៣៨លានដុល្លារ និងបង្កើតឱកាសការងារដោយផ្ទាល់ជាង ៦២ម៉ឺននាក់ និងដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។ តាមការព្យាករណ៍ នៅឆ្នាំ២០២០ ការមកដល់នៃទេសចរអន្តរជាតិអាចកើនឡើងប្រមាណ ៧លាននាក់ នាំមកនូវចំណូលសរុបប្រមាណ ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារផ្ទាល់ប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០៣០ ទទួលទេសចរអន្តរជាតិប្រមាណ ១៥លាននាក់។
លោក ថោង ខុន បានបញ្ជាក់ថា បច្ចុប្បន្នស្ត្រីដែលបម្រើការក្នុងវិស័យទេសចរណ៍មាន ៦០% ភាគច្រើនគឺបម្រើការនៅតាមផ្នែកសេវាស្នាក់នៅ និងសេវាកម្សាន្តនានា ដែលទាំងនេះជាសក្ខីភាពបញ្ជាក់ថា ស្រ្តីជាកម្លាំងចលករដ៏មានសក្តានុពលនៅក្នុងវិស័យទេសចរណ៍ ជាភាគីពាក់ព័ន្ធដ៏សំខាន់ដែលមិនអាចខ្វះបាន និងបានរួមចំណែកដ៏សកម្មក្នុងការលើកស្ទួយកម្រិតជីវភាពគ្រួសារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ដោយសារហេតុផលនេះហើយ ទើបលោករដ្ឋមន្ត្រី ថោង ខុន គាំទ្រឲ្យក្រសួងកិច្ចការនារី សហការជាមួយក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាបង្កើតសមាគមនារីនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍យ៉ាងដូច្នេះ ព្រោះការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាវិស័យទេសចរណ៍ ចាំបាច់ត្រូវមានការចូលរួមពីផ្នែកឯកជន៕