(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដើម្បីអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ លើកទី១៣ (The 13th General Border Committee Meeting «GBC») នៅក្រុងបាងកក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត ជាអ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ Fresh News នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨នេះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្តថា ការអញ្ជើញទៅចូលរួមកិច្ចប្រជុំនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសូវណ្ណ (Prawit Wongsuwon) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ នៃព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅលើកទី១៣ ដែលភាគីថៃ ទទួលរៀបចំជាម្ចាស់ផ្ទះពេលនេះ ផ្តោតយ៉ាងសំខាន់លើការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា-ថៃ ជាពិសេសក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំង២។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបន្ថែមថា កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីទប់ស្កាត់រាល់អំពើអសកម្មមួយចំនួន នៅតាមព្រំដែនរួមមាន៖ បញ្ហារត់ពន្ធគ្រឿងញៀន បញ្ហាប្រឆាំងអំពើភេវរកម្ម បញ្ហាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននានា ពិសេសការពង្រឹងសន្តិសុខតាមតំបន់ព្រំដែនដែលភាគីទាំងពីរ នឹងពុះពារស្វែងរកដំណោះស្រាយ និងវិធានការទប់ស្តាត់ ដើម្បីរក្សា និងធានាឱ្យបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ជាមួយគ្នានេះដែរ គណៈកម្មាធិការព្រំដែនទូទៅ GBC (General Border Committee) របស់កម្ពុជា-ថៃ ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាសហប្រធាន បានដើរតួយ៉ាងសំខាន់ ក្នុងការជំរុញដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពប្រទេសទាំងពីរ។ គណៈកម្មាធិការនេះ តែងបានជួបប្រជុំគ្នាជាទៀងទាត់រៀងរាល់ឆ្នាំ ដើម្បីពិនិត្យ និងដោះស្រាយនូវបញ្ហាថ្មីៗ ដែលលេចឡើងនៅតាមព្រំដែននៃប្រទេសកម្ពុជា-ថៃ។
សូមរម្លឹកថា កាលពីឆ្នាំមុននោះ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ GBC (General Border Committee) កម្ពុជា-ថៃ លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានធ្វើឡើងនៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ដោយឡែកឆ្នាំ២០១៨ ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏សំខាន់នេះ ត្រូវបានប្រគល់ជូនភាគីថៃវិញម្តង ខណៈដែលប្រទេសទាំងពីរផ្លាស់ប្តូរគ្នាធ្វើជាម្ចាស់ផ្ទះទៅវិញទៅមករាល់ឆ្នាំ៕