(ភំ្នពេញ)៖ ពិធីបុណ្យទន្លេ នឹងចាប់ផ្តើមឡើងនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមិនាឆ្នាំ២០១៨ នៅក្រុងតាខ្មៅកណ្តាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេនេះ NEA នឹងរៀបចំស្តង់ការងារ រយៈពេល៣ថ្ងៃជាប់ៗគ្នា នៅក្នុងពិធីបុណ្យនេះ ដើម្បីផ្សព្វផ្សាយពីសេវាការងារ និងព័ត៌មានពីឱកាសការងារនៅកម្ពុជា ដែលកំពុងមាននាពេលបច្ចុប្បន្ន។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កន្លងមកបានឲ្យដឹងថា ទន្លេមេគង្គជាទន្លេដែលវែងជាងគេលំដាប់ទី១៧ ក្នុងពិភពលោក និងទី១២ ក្នុងអាស៊ី។ ទន្លេមេគង្គមានប្រវែង ៤,២០០គីឡូម៉ែត្រ ហូរឆ្លងកាត់៥ប្រទេស មានប្រទេសចិន មីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម។ ដោយឡែកសម្រាប់កម្ពុជា ទន្លេមេគង្គហូរឆ្លងកាត់ប្រវែងជាង ៥០០គីឡូម៉ែត្រ និងបានបែកចេញជាទន្លេសាប និងទន្លេតូចៗជាច្រើនទៀត ទាំងនៅប៉ែកខាងលើ និងប៉ែកខាងក្រោម មានប្រជាជនរាប់លាននាក់រស់នៅតាមដងទន្លេ និងទទួលបានផលប្រយោជន៍ពីទន្លេនេះ។

សូមជម្រាបថា ពិធីបុណ្យទន្លេលើកទី៤ នៅក្រុងតាខ្មៅ នឹងធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១១ ខែមីនា ឆ្នាំ២០១៨ ជាមួយការរំពឹងទុកថានឹងមានភ្ញៀវទេសចរចូលរួមទស្សនាប្រមាណជាង ១លាននាក់។

ដូច្នេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ ឬសិស្សនិស្សិតទូទៅ ដែលចង់ស្វែងរកស្តង់របស់ (NEA) នៅទីតាំងកន្លែងណាដើម្បីទទួលបានព័ត៌មាន ពីសេវាការងារ ឬមានបំណងដាក់ពាក្យស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចមើលតាមប្តង់ ដែលមានបង្ហាញនៅខាងក្រោម៖