Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ច្របាច់កបញ្ចប់ជីវិតសង្សារ​ខ្លួនឯង រួចលេបថ្នាំតាមក្រោយ តែមិនស្លាប់ ក៏ត្រូវបានពលរដ្ឋបញ្ជូនមន្ទីរពេទ្យ​

07-03-2018 14:27

(ភ្នំពេញ)៖ បុរសម្នាក់បានដាច់ចិត្ត លើកដៃបញ្ចប់ជីវិតសង្សារបស់ខ្លួន ដោយច្របាច់ក បណ្ដាលឲ្យស្លាប់ភា្លមៗ រួចលេបថ្នាំប៉ង់បញ្ចប់ជីវិតខ្លួនឯងតាមក្រោយ តែមិនបានសម្រេច​ ព្រោះមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ នៅបន្ទប់ជួលលេខ 26Z ជាន់ទី២ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

បើតាមសេចក្ដីការណ៍ នារីរងគ្រោះឈ្មោះ នង ចន្ទ្រា អាយុ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតភូមិអាស្ទាំង ឃុំអង្គររាជ ស្រុកព្រះសម្ដេច ខេត្តព្រៃវែង និងជនសង្ស័យដែលជាសង្សារឈ្មោះ សែម សែន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឮសំលេង ស្រែកចេញពីបន្ទប់ជួលខាងលើ ក្រោយមកក៏បង្កការភ្ញាក់ផ្អើល ដល់ពលរដ្ឋនៅក្បែរនោះ នាំគ្នាទៅចោមរោមមើល និងជួយសង្គ្រោះជនរងគ្រោះ ប៉ុន្ដែអកុសលស្ដ្រីនោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកជនសង្ស័យ ដែលសមត្ថកិច្ចជំនាញ បញ្ជាក់ជំហ៊ានដំបូងថា បានលេបថ្នាំសម្លាប់ខ្លួនតាមក្រោយ ក្រោយពីច្របាច់កសង្សារខ្លួនឯងនោះ ត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យរុស្ស៊ី។

យ៉ាងណាក៏ដោយ សមត្ថកិច្ចកំពុងតែនៅបន្ដស្រាវជ្រាវលើករណីនេះ ដើម្បីដឹងថា តើផ្ដើមចេញពីមូលហេតុអ្វី ហើយជនសង្ស័យសម្លាប់សង្សាររបស់ខ្លួន តាមរូបណាមួយឲ្យពិតប្រាកដ ប៉ុន្ដែនៅកន្លែងកើតហេតុគេឃើញ​មានម្សៅ និងខ្សែមួយផងដែរ៕