(បរទេស)៖ ប្រទេសកម្ពុជាស្ថិតនៅក្នុងចំណោម ប្រទេសមានប្រាក់ចំណូលទាប និងមានទីផ្សារសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ០៥ ដែលបានបង្ហាញឲ្យពិភពលោកបានឃើញ ពីមធ្យោបាយដ៏ប្រសើរជាទីបំផុត ក្នុងការប្រមូលពន្ធ។ នេះបើតាមការដកស្រង់អត្ថបទ ចុះផ្សាយដោយទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បី Finance & Development នៅព្រឹកថ្ងៃពុធ ទី០៧ ខែមីនា ឆ្នាំ២០១៨។
ប្រទេសដែលកំពុងអភិវឌ្ឍន៍ជាទូទៅ ធ្វើការប្រមែប្រមូលពន្ធត្រឹម១៥ភាគរយប៉ុណ្ណោះ នៃផលិតផលក្នុងស្រុកសរុប (GDP) បើធៀបទៅនឹង ៤០ភាគរយ ដែលប្រមូលដោយប្រទេសអភិវឌ្ឍន៍ ដែលមានសេដ្ឋកិច្ចជឿនលឿន។ សមត្ថភាពនៃការប្រមូលពន្ធ គឺពឹងផ្អែកទៅលើសមត្ថភាពរបស់ប្រទេសមួយ ក្នុងការផ្តល់ហិរញ្ញប្បទានដល់សេវាសង្គម រួមមានសេវាសុខភាព និងអប់រំ, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាបណ្តាញអគ្គិសនីព្រមទាំងផ្លូវថ្នល់ និងសេវាថែទាំសាធារណៈដទៃៗទៀត។
ដោយយោងទៅតាមតម្រូវការចាំបាច់ ដ៏ធំសម្បើមនៃបណ្តាប្រទេសក្រីក្រ កម្រិតប្រមូលពន្ធយ៉ាងទាបខាងលើ កំពុងធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះប្រឈមនឹងហានិភ័យ។ ដោយឡែកបើក្រឡេកទៅមើលការធ្វើកំណែទម្រង់ដោយជោគជ័យ កាលពីចន្លោះឆ្នាំ២០០៤ និងឆ្នាំ២០១៥ នៅក្នុងប្រទេសមានចំណូលទាប និងមានសេដ្ឋកិច្ចកំពុងរីកចម្រើនចំនួន ០៥ ដែលសម្រេចបានការរកចំណូលយ៉ាងធំធេង ក្រោយពីមានការផ្លាស់ប្តូរទៅលើប្រមូលពន្ធនោះ បានផ្តល់ចម្លើយខ្លះៗ ចំពោះសំណួរថា តើអ្នកតាក់តែងច្បាប់ ត្រូវធ្វើបែបណា ដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ?
គួរជម្រាបថា បទពិសោធន៍នៃបណ្តាប្រទេសចម្រុះទាំង ០៥រួមមាន កម្ពុជា ហ្សកហ្ស៊ី (Georgia), ហ្គូយ៉ាណា (Guyana), លីបេរីយ៉ា (Liberia) និង អ៊ុយក្រែន បានស្តែងឲ្យឃើញថា ទោះបីជាប្រទេសទាំងនោះ បានប្រឈមនឹងឧបសគ្គជាច្រើនបែបណាក្តី ពួកគេនៅតែអាចពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីស្វែងរកចំណូលពីការប្រមូលពន្ធ តាមរយៈការពុះពារអនុវត្តន៍នូវយុទ្ធសាស្រ្តកំណែទម្រង់ ដែលមានលក្ខណៈពិសេសជាក់លាក់ផ្សេងៗពីគ្នា៕