(សៀមរាប)៖ ព្រឹត្តិការណ៍កីឡា RAID Amazones ដែលប្រមូលផ្តុំដោយអ្នកចូលរួមសុទ្ធតែជាស្ត្រី បានចាប់ផ្តើមហើយនៅព្រឹកព្រលឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ នៅលើទឹកដីអង្គរខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមចំនួន១៧៤នាក់ ចម្រុះជាតិសាសន៍មកពីជុំវិញពិភពលោក។
ក្នុងពិធីបើកព្រឹត្តិការណ៍ ជាផ្លូវការព្រឹកមិញនេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Eva Nguyen Bin ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប, លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា។
លោក សុខ សង្វារ បានរំឭកអំពីសុខសន្តិភាពដ៏ពេញលេញ នៅកម្ពុជាបច្ចុប្បន្ន ដែលកត្តានេះធ្វើឲ្យកម្ពុជា អាចទទួលរៀបចំនូវព្រឹត្តិការណ៍លំដាប់អន្តរជាតិផ្សេងៗ ដូចជាព្រឹត្តិការណ៍ RAID Amazones នៅពេលនេះជាដើម។ លោកសង្ឃឹមថា តាមរយៈការផ្សព្វផ្សាយលើឆាកអន្តរជាតិនូវព្រឹត្តិការណ៍ដ៏ធំនេះ ប្រជាពលរដ្ឋរាប់លាននាក់ជុំវិញពិភពលោកនឹងស្គាល់កម្ពុជាកាន់តែច្បាស់ ជាពិសេសអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏អស្ចារ្យរបស់កម្ពុជា។
លោកស្រី Eva Nguyen Bin បានថ្លែងទៅកាន់កីឡារិនីទាំងអស់ដែលបានធ្វើដំណើរយ៉ាងវែងឆ្ងាយ មកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ នៅទឹកដីអង្គររបស់កម្ពុជា។ លោកស្រីបានជូនពរកីឡារិនីទាំងអស់ភ្ជាប់នឹងថ្ងៃ ៨មីនា ដែលជាទិវាសិទ្ធិនារីដ៏សំខាន់លើពិភពលោកផងដែរ។
ព្រឹត្តិការណ៍កីឡា RAID Amazones លើកទី៣នេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ដោយថ្ងៃដំបូងនេះ គឺរត់ប្រណាំងក្នុងតំបន់អង្គរក្នុងចម្ងាយ ១៧.៥គម ចេញពីកន្លែងលក់សំបុត្រទៅដល់ខ្លោងទ្វារចូលខាងលិចនៃប្រាសាទបាយ័ន។ ក្រៅពីនេះ RAID Amazones នឹងមានសកម្មភាពកីឡាផ្សេងទៀតដូចជា ការជិះកង់ និងការជិះទូកជាដើម ព្រមទាំងការទស្សនាស្វែងយល់ពីវប្បធម៌ទំនៀមទម្លាប់របស់ប្រជាពលរដ្ឋខ្មែរ។
គួររំឭកថា RAID Amazones ជាព្រឹត្តិការណ៍កីឡាអន្តរជាតិមួយដ៏មានប្រជាប្រិយភាពបំផុតនៅលើពិភពលោក មានសុទ្ធតែនារីជាអ្នកចូលរួម។ កីឡានេះ បង្កើតឡើងដោយអតីតពិធីករទូរទស្សន៍ជនជាតិបារាំងឈ្មោះ ALEXANDER DEBANNE មានរយៈពេល១៥ឆ្នាំមកហើយ និងបានធ្វើនៅតាមបណ្តាប្រទេសជាច្រើន។
ការរៀបចំព្រឹត្តិការណ៍ RAID Amazones នៅលើទឹកដីអង្គរ គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបង្ហាញអំពីសមត្ថកិច្ចរបស់អាជ្ញាធរជាតិអប្សរាលើការគ្រប់គ្រងរមណីយដ្ឋានអង្គរ ដែលមិនត្រឹមគិតគូរលើការងារអភិរក្សប៉ុណ្ណោះទេ តែក៏ផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការរៀបចំកម្មវិធីអន្តរជាតិល្បីៗ ដើម្បីទាក់ទាញទេសចរមកកាន់កម្ពុជាកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ៕