(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្តល់ឱកាសកាន់តែច្រើន ជូនចំពោះស្រ្តី ឲ្យទទួលបានឋានៈ និងតួនាទីច្បាស់លាស់។ ជាក់ស្តែង រាជរដ្ឋាភិបាល តែងតែ បង្កឱកាសឱ្យស្ត្រីមាន ឋានៈ និងតួនាទី ក្នុងការចូលរួមធ្វើសេចក្តីសម្រេចចិត្ត ជាក់ស្តែងក្នុងជួរ រាជរដ្ឋាភិបាល ស្ត្រីបានទទួលឋានៈតួនាទីជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៅតាមក្រសួង ស្ថាប័ននានា ដែល បញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ដល់ស្ត្រី ក្នុងសកម្មភាពសង្គម តាមតួនាទី និងសមត្ថភាពរៀងៗខ្លួន។

ការលើកឡើងរបស់ លោករដ្ឋមន្រ្តី វង សូត បានធ្វើឡើងខណៈ លោកបានអញ្ជើញចូលរួមនៅក្នុង ពិធីអបអរសារទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ នេះ ជាខួបលើកទី១០៧ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បី អភិវឌ្ឍន៍ជាតិ» ដែលរៀបចំធ្វើឡើង នៅទីស្តីការក្រសួងនា ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ ។

ជាមួយគ្នានេះដែរ រដ្ឋមន្រ្តី វង សូត ក៏បាន សម្តែងនូវការកោតសរសើរ និងថ្លែង អំណរគុណ ចំពោះ គណៈកម្មការសាខាសមាគមនារី ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានបំពេញតួនាទី និង អនុវត្តភារកិច្ចប្រកបដោយលទ្ធផលផ្លែផ្កា និងស្មារតីទទួលខុសត្រូវ ជាពិសេសការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវកាយវិការ យកចិត្តទុកដាក់ និងលើកទឹកចិត្តក្នុងការរួមចំណែកគាំទ្រលើភារកិច្ចរបស់ បងប្អូននារីក្នុងកិច្ចការសង្គម និងកិច្ចការគ្រួសារ។

រដ្ឋមន្រ្តី បានបន្ថែមឲ្យដឹងថា ក្នុងអាណត្តិទី៥នេះ ក្រសួងសង្គមកិច្ច មានមន្រ្តីរាជការជាស្តី្រ សរុបចំនួន ៥២៩នាក់ ស្មើនឹង ៣៨% នៃចំនួនមន្ត្រីរាជការសរុប ដែលមានតួនាទីចាប់ពី អនុប្រធានការិយាល័យ រហូតដល់រដ្ឋលេខាធិការ។

នៅក្នុងឱកាសនោះ លោក វង សូត ក៏បានស្នើឲ្យ បងប្អូននារី ត្រូវចេះជួយខ្លួនឯង មានសាមគ្គីល្អ សហការគ្នាបានល្អ ចេះអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងខិតខំសិក្សាស្វែងយល់នូវចំណេះដឹងផ្សេងៗបន្ថែមទៀត ដើម្បីឆ្លើយ តបនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និងឆ្លើយតបទៅ នឹងប្រធានបទអបអរសារទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ។

តាមរយៈទិវានេះផងដែរ លោករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យបុរសជាមន្ត្រីបុគ្គលិកទាំងអស់ ជ្រួតជ្រាបអំពីបញ្ហា យេនឌ័រ រួមសហការ លុបបំបាត់ភាពហិង្សាក្នុងគ្រួសារ ការរើសអើង ចំពោះស្ត្រី ហើយបង្កលក្ខណៈ ឱ្យនារីមានលទ្ធភាពគ្រប់គ្រាន់ ចូលរួមគ្រប់សកម្មភាព របស់ក្រសួង និង សង្គម។

បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី បានគួរបញ្ជាក់ឲ្យដឹងថា ជាការប្តេជ្ញាចិត្តរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នូវអាទិភាព ៤ ចំណុច ក្នុងកិច្ចប្រជុំ ប្រមុខថ្នាក់ដឹកនាំពិភពលោកស្តីពីសមភាពយេនឌ័រ និងការលើកកម្ពស់ សិទ្ធិអំណាចស្រ្តី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅអង្គការសហ ប្រជាជាតិ មានជាអាទិ៍៖ការបង្កើនការវិនិយោគទៅលើសមភាពយេនឌ័រ ការធានានូវការការពារ ព្រមទាំងការចូលរួមពេញលេញ និងស្មើភាពរបស់ស្ត្រី នៅក្នុងការធ្វើសេចក្តីសម្រេចចិត្ត នៅគ្រប់កម្រិត ការពង្រឹងយន្តការគណនេយ្យភាព សម្រាប់សមភាព យេនឌ័រ ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងសេដ្ឋកិច្ច និងបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្រ្តី និងឈានទៅ សម្រេចឱ្យបាននៅឆ្នាំ២០៣០៕