(ភ្នំពេញ)៖ ជាថ្មីម្តងទៀត នៅចំពោះមុខកម្មករ កម្មការិនីជាង១ម៉ឺននាក់ ដែលមកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល ប្រមុខដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងនៅតែបន្តធ្វើ ជានាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងតិចបំផុត១០ឆ្នាំទៀត។
ជាមួយនឹងការប្រកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ កម្មការិនីទាំងអស់ ដែលតែងតែបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា និងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី បន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចបានបន្តធ្វើនាយករដ្ឋមន្ត្រីតទៅទៀត ដើម្បីដឹកនាំប្រទេសដ៏កម្សត់មួយនេះ បន្តឆ្ពោះទៅរកការអភិវឌ្ឍន៍ និងរីកចម្រើនខ្លាំងឡើងថែមទៀត។
កាថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញុំអរគុណចំពោះក្មួយៗកម្មករ អំបាញ់មិញក្មួយៗនៅទីនេះតាមផ្លូវមកនេះ ថាសូមសម្តេចសុខសប្បាយ អាយុវែងដើម្បីនៅជាមួយកូនចៅបន្តទៀត។ ឥឡូវអីចេះ មិនចាំបាច់បន់ស្រន់ស្អីទេ ល្អជាងគេ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទៅ ហ៊ុន សែន នៅបន្តជាមួយហើយ។ អាហ្នឹងគឺបង់ជាក់ស្តែង មានទៅមានមកជាក់ស្តែងមិនចាំបាច់បន់...បើចង់អាយុវែងក៏អត់បានការបើអត់មានអ្នកបោះឆ្នោតឲ្យផង អីចឹងទាល់តែអាយុវែងហើយ កាន់តំណែងនាយករដ្ឋមន្ត្រី ទើបបាននៅជាមួយក្មួយៗបានយូរ។ ពូអរគុណចំពោះក្មួយទាំងឡាយ ដែលផ្តល់នូវការគាំទ្រ សម្រាប់ការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក»។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់កម្មករកម្មការិនី ដែលទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច មិនថាសម្តេចអញ្ជើញទៅទីណាកន្លែងណានោះទេ គឺការស្វាគមន៍នេះ សម្តេចចាត់ទុកថាជាភាពស្និទ្ធស្នាលលើសពីមេដឹកនាំជាមួយកម្មករ កម្មការីនី នៅស្និទ្ធស្នាលដូចជាក្រុមគ្រួសារ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់កម្មករ កម្មការិនីផងដែរថា អ្វីដែលមានសព្វថ្ងៃនេះ គឺបានមកពីសន្តិភាព និងបានអំពាវនាវដល់បងប្អូនទាំងរួមគ្នា ថែរក្សាសន្តិភាពដែលរកបានដោយលំបាកនេះ ប្រឆាំងការវិលត្រឡប់នៃសង្គ្រាម។
ប្រមុខដឹកនាំនៃកម្ពុជា ក៏បានលើកឡើងពីការដាក់ចេញ នូវការដោះស្រាយបន្ទាន់ករណី រោងចក្របិទទ្វារថៅកៅរត់ចោល មិនបើកប្រាក់ខែឲ្យកម្មករ។ ដោយសម្តេចអះអាងថា បើទោះបីសម្តេចមិនបានចុះ ទៅដោះស្រាយដោយរឿងកម្មករត្រូវថៅកែរត់ចោលនេះ ក៏ដោយតែសម្តេចក៏បានឲ្យមន្ត្រី អាជ្ញាធរពាក់ព័ន្ធចុះដោះស្រាយ ហើយពេលចុងក្រោយនេះ សម្តេចបានបញ្ចេញសាច់ប្រាក់ប្រមាណ៤.៦លានដុល្លារអាមេរិក សម្រាប់ដោះស្រាយបញ្ហាតាមរោងចក្រ ដែលថៅកែរត់ចោលថែមទៀតផង។
ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំឲ្យក្រសួងពាក់ព័ន្ធ ត្រូវធ្វើរបាយការណ៍ទៅកាន់រដ្ឋាភិបាលប្រទេសទាំងឡាយណា ដែលអ្នកវិនិយោគរបស់ពួកគេបិទទ្វាររត់ចោល រោងចក្រពីប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបានរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំរោងចក្រ ជាមួយកម្មករ កម្មការិនី កុំឲ្យមានជម្លោះ កុំឲ្យមានបងតូចបងធំ និងគ្រឿងញៀននៅក្នុងរោងចក្រ ដែលនាំឲ្យប៉ះពាល់ដល់ការងារ និងសង្គមជាតិ។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីការផ្តល់អត្ថប្រយោជន៍នានា សម្រាប់កម្មករ កម្មការិនី ដែលមានដូចជាការជិះរថយន្តក្រុង របស់សាលារាជធានីមិនអស់លុយ ការព្យាបាល និងពិនិត្យជំងឺមិនអស់លុយ កម្មការិនីមានផ្ទៃពោះអាចចេញពីធ្វើការមុនម៉ោង១៥នាទី អាចឈប់រយៈពេល៣ខែជាមួយអត្រាប្រាក់ឈ្នួល ១២០ភាគរយ កម្មការិនីទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូន ហើយចាប់ពីឆ្នាំ២០១៩ទៅ អាចទទួលបានប្រាក់សោធននិវត្តន៍ ពេលពួកគេបម្រើការងារចាប់ពី២៥ឆ្នាំឡើងទៅ៕