(មណ្ឌលគិរី)៖ ដោយមើលឃើញទីតាំងឈរជើង និងកន្លែងស្នាក់នៅកម្លាំងនគរបាលតាមព្រំដែន នៅមានបញ្ហាប្រឈមនោះ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការថ្មីនៃខេត្តមណ្ឌលគិរី ត្រូវតែរៀបចំទីតាំងឈរជើង និងជំរកស្នាក់នៅរបស់កម្លាំងនគរបាលវរព្រំដែនឲ្យបានសមរម្យ និងច្បាស់លាស់។
ក្នុងពិធីប្រកាសតែងតាំងជាផ្លូវការ ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី នៅព្រឹកមិញនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវនេះ ខ្ញុំដាក់បន្ទុកឲ្យស្នងការរៀបចំ ភ្លាមដំណើរការថ្មី ត្រូវស្គាល់ភូមិសាស្ដ្រទៅមើលជួយរៀបចំ [...] សិក្សាឡើងវិញអំពីទីតាំង កន្លែងឈរជើង ជំរកយើងនឹងរួមគ្នាដើម្បីគិតគូរ ធ្វើមិចដោះស្រាយជំរក»។
សម្រាប់ផែនការដែល នាយឧត្តមសេនីយ៍អគ្គស្នងការ បញ្ជាឲ្យដោះស្រាយភ្លាមៗនោះគឺ ទីតាំងវរសេនាតូច, ទីតាំងអនុសេនាធំ និងទីតាំងប៉ុស្ដិ៍ឈរជើង ត្រូវតែមានកន្លែងមួយច្បាស់លាស់ ហើយត្រូវតែមានប្រព័ន្ធលេណដ្ឋានការពារ។
ក្រៅពីបញ្ជាដល់ស្នងការថ្មីខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ឡោ សុខា, នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំឲ្យលោកឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងទទួលការងារព្រំដែន និងលោកឧត្តមសេនីយ៍ទោ ឡោ សុឡេង ស្នងការហិរញ្ញកិច្ច និងភស្តុភា ត្រូវតែរួមគ្នាដើម្បីពិនិត្យ និងដោះស្រាយបញ្ហាទាំងអស់នេះឲ្យបានឆាប់រហ័ស។
បើតាមនាយឧត្តមសេនីយ៍អគ្គស្នងការ ទោះបីជំរក និងទីតាំងរបស់កម្លាំងនគរបាលតាមព្រំដែនដែលត្រូវសាងសង់មិនបានទំនើបដូចប្រទេសជិតខាង ប៉ុន្ដែត្រូវតែធ្វើយ៉ាងណាឲ្យបានរឹងមាំ និងមានប្រព័ន្ធការពារគ្រប់គ្រាន់៕