(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនកងទ័ព នៅកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ឡាវ តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។
នៅក្នុងឱកាស នៃការចុះសួរសុខទុក្ខកងទ័ពនេះ ក៏មានការអញ្ជើញចូលរួមពី លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ ព្រមទាំងក្រុមការងារជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី សាយ សំអាល់ ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនកងទ័ព នៃកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ឡាវ តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
បន្ថែមពីនេះ លោក សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមនសិការស្នេហាជាតិ និងភាពអង់អាចក្លាហានរបស់បងប្អូនកងទ័ព រួមទាំងមន្ត្រីឧទ្យានុរក្ស ដែលបានឈរជើងការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃប្រទេសកម្ពុជា៕