(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងលោក លោកស្រីអគ្គនាយករង ប្រធាននាយដ្ឋាន ព្រមទាំងនគរបាលអន្ដោប្រវេសន៍ជានារី ប្រមាណជិត២០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។
ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខាងលើនេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត សុខ ផល ក៏បានជំរុញឲ្យនគរបាលនារី ក្នុងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។
នាយឧត្តមសេនីយ៍ សុខ ផល បានថ្លែងកោតសរសើរ ចំពោះនគរបាលជានារី ក្នុងអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងៗខ្លួន ដើម្បីជាតិ មាតុភូមិ និងប្រជាជន។
បើតាមនាយឧត្តមសេនីយ៍អគ្គនាយក ចាប់តាំងបង្កើននូវអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅឆ្នាំ២០១៤មក អគ្គនាយកដ្ឋានតែងតែជំរុញឲ្យមានថ្នាក់ដឹកនាំជានារី បំពេញការងារក្នុងអង្គភាព ដូចបុរសឲ្យកាន់តែច្រើន ជាក់ស្ដែងមានអគ្គនាយករងម្នាក់ជានារីផងដែរ៕