(ភ្នំពេញ)៖ សារអំពាវនាវជាថ្មីរបស់ទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់គេចចេញពីសំណាញ់ច្បាប់យ៉ាងកំសាកញីនៅក្រៅប្រទេសឲ្យកងទ័ព និងកម្លាំងសមត្ថកិច្ចដទៃទៀត ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននាំឲ្យមានការប្រតិកម្ម និងខឹងសម្បាយ៉ាងខ្លាំងពីសំណាក់មេទ័ព កងទ័ព ព្រមទាំងអតីតយុទ្ធជនផងដែរ។
លោក សម រង្ស៊ី នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨កន្លងទៅ បានបង្ហោះវីដេអូថ្មីមួយនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយបានអំពាវនាវដល់កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទកុំគោរព និងស្តាប់រាជរដ្ឋាភិបាលបច្ចុប្បន្នបន្តទៅទៀត។ លោក សម រង្ស៊ី ថែមទាំងបញ្ជាក់ថា រដ្ឋាភិបាលថ្មីដែលដឹកនាំរូបលោក និងក្រុមលោកនឹងធ្វើឲ្យជីវភាពរបស់កងទ័ពកាន់តែប្រសើរ។
មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានចាត់ទុកការអំពាវនាវរបស់លោក សម រង្ស៊ី គឺជាចេតនាដ៏ពិសពុលក្នុងការបំផ្លាញជាតិ និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដើម្បីតែមហិច្ឆតាក្នុងការឈានទៅការក្តោបក្តាប់អំណាច។
លោកឧត្តមសេនីយ៍មេបញ្ជាការរូបនេះ ព្រមទាំងកងទ័ពទាំងអស់នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ បានចាត់ទុកទង្វើរបស់លោក សម រង្ស៊ី មិនខុសពីទង្វើរបស់ឪពុករបស់លោក គឺលោក សម សារី នោះឡើយ តែទីបំផុតមហិច្ឆតាមិនត្រឹមតែមិនបានសម្រេចថែមទាំងអន្តរាយដល់ខ្លួន និងក្រុមគ្រួសារថែមទៀតផង។ «ទង្វើរបស់វានេះ គឺពិសពុលណាស់មិនខុសពីឪពុករបស់វាឡើយ។ ទង្វើរបស់វាមានទិសដៅតែមួយគត់ គឺសម្រេចឲ្យបានការក្តោបក្តាប់អំណាច ដោយមិនខ្វល់ពីការវិនាសរបស់ជាតិ និងទុក្ខលំបាករបស់ប្រជាជននោះឡើយ»។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ និងកងទ័ពដទៃទៀត បានបន្តថា «ពួកខ្ញុំសូមផ្តាំទៅទណ្ឌិត សម រង្ស៊ី បើមិនចង់បន្សល់កេរ្តិ៍ឈ្មោះអសោច ដូចខ្មោចឪជាជនក្បត់ជាតិ បំផ្លាញជាតិទេនោះ ត្រូវដើរឲ្យឆ្ងាយពីទង្វើរបស់ខ្មោចឪ មិនត្រូវឲ្យវិញ្ញាណនៃទង្វើដ៏អាក្រក់របស់ខ្មោចឪគ្រប់ដណ្តប់នោះឡើយ។ បើមិនដូច្នេះកេរ្តិ៍ឈ្មោះក្នុងនាមជាអ្នកក្បត់ជាតិនឹងត្រូវចារក្នុងសង្គមខ្មែរដូចខ្មោចឪមិនខាន»។
ទន្ទឹមជាមួយការប្រតិកម្មជាមួយពាក្យពេចន៍ខឹងសម្បាធ្ងន់ៗហើយនោះ មេបញ្ជាការកងពលតូចលេខ៧០ និងកងទ័ពទាំងអស់ បានបង្ហាញពីស្មារតីស្មោះត្រង់ និងគោរពជានិច្ចនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការផុតលេខផ្កាយមាស៥។
សូមបញ្ជាក់ថា ព្រោះតែសារញុះញង់កងទ័ពនេះ បច្ចុប្បន្នលោក សម រង្ស៊ី កំពុងរងបណ្តឹងរបស់កងទ័ពពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ថ្នាក់ដឹកនាំស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានបង្គាប់ឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ចូលខ្លួនបំភ្លឺលើសំណុំរឿងញុះញង់ កងទ័ពកុំឲ្យស្តាប់រាជរដ្ឋាភិបាលនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ៕