(ភ្នំពេញ)៖ ក្រៅពីក្រសួងមហាផ្ទៃបាននឹងកំពុងចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងររបស់លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ខេត្តចំននួន៤ ឲ្យវៀតណាម នៅពេលនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងឲ្យដឹងថា ទង្វើក្បត់ជាតិរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា បែបនេះប្រឈមនឹងជាប់គុកអស់មួយជីវិត។
អ្នកនំាពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «សកម្មភាពនេះគឺជាអំពើក្បត់ជាតិ ដែលប្រឈមនឹងការផ្ទន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត! នេះបើយោងតាមមាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!»។
ការថ្លែងរបស់លោក គឹម សន្តិភាព បែបនេះធ្វើឡើងបន្ទាប់មានប្រតិកម្មចាត់វិធានការតាមផ្លូវច្បាប់ពីសំណាក់ក្រសួងមហាផ្ទៃ ចំពោះទង្វើខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានចុះកិច្ចព្រមព្រៀងរវាងជាមួយ លោក កុក ស មេដឹកនាំយួនជាជនជាតិ ដើមភាគតិច Degar (ម៉ុងតាញ៉ា) កាលពីឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិក និងហ្វីលីពីន ដោយសន្យាកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ របស់ខ្មែរឲ្យទៅវៀតណាមគ្រប់គ្រងនៅពេលគណបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស។
សូមបញ្ជាក់ថា នៅក្នុងវីដេអូចុះហត្ថលេខានោះ លោក សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។ (សូមមើលវិដេអូ និងឯកសារភ្ជាប់ខាងក្រោមនេះ)។
សូមជំរាបថា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើដ៏ខ្មៅកង្វក់ក្បត់ជាតិរបស់លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្តចំនួន៤ ទៅឲ្យវៀតណាម ដែលខេត្តទាំងនោះមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ដែលការអះអាងកាត់ទឹកដីឲ្យវៀតណាមនេះ ធ្វើឡើងនៅពេលបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស៕