នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អញ្ជើញប្រកាសតែងតាំង ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី ជាផ្លូវការ
07-03-2018 10:12
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីប្រកាសតែងតាំងជាផ្លូវការ ស្នងការនគរបាលខេត្តមណ្ឌលគិរីថ្មី។
ពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីភិបាលខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។
លោកឧត្តមសេនីយ៍ត្រី ឡោ សុខា អតីតស្នងការរងនគរបាលខេត្តកណ្ដាល ត្រូវបានប្រកាសឲ្យទៅកាន់តំណែង ជាស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ដែលត្រូវបានផ្ទេរភារកិច្ចមកជា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃវិញ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ត្រូវបានផ្ទេរភារកិច្ចពីស្នងការខេត្តតាកែវ ទៅជាស្នងការនគរបាលខេត្ដមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី តូច យ៉ុន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពោលទើបនឹងកាន់តំណែងបានជាង៧ខែប៉ុណ្ណោះ៕