(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះបានថ្លែងអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទង្វើដ៏ខ្មៅកង្វក់ក្បត់ជាតិរបស់លោក សម រង្ស៊ី ដែលហ៊ានចុះហត្ថលេខាកាត់ទឹកដីខេត្តចំនួន៤ ទៅឲ្យវៀតណាម ដែលខេត្តទាំងនោះមាន៖ ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ដែលការអះអាងកាត់ទឹកដីឲ្យវៀតណាមនេះ ធ្វើឡើងនៅពេលបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំបានឃើញឯកសារនោះហើយ ឯកសារចុះហត្ថលេខាប្រគល់ទឹកដីខ្មែរឲ្យវៀតណាម៤ខេត្ត ដែលចេញផ្សាយម្សិលមិញ ខ្ញុំពិតជាចាប់អារម្មណ៍មិនគួរណាគាត់ (សម រង្ស៊ី) ប្រព្រឹត្តទង្វើខ្មៅកខ្វក់កាត់ទឹកដីឲ្យគេ វាជាទង្វើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា វាជាអំពើក្បត់ជាតិយ៉ាងច្បាស់ មិនអាចអត់អោនឲ្យបានទេ, វាមិនខុសពីបក្សពួកគ្នាគេដែលកំពុងនៅត្រពាំងថ្លុង សហការជាមួយបរទេសបំផ្លាញជាតិសាសន៍ ក្បត់ជាតិខ្លួនឯង ហើយសកម្មភាពដ៏ងងឹតនេះ ក្រសួងមហាផ្ទៃកំពុងពិចារណាតាមផ្លូវច្បាប់ ចាត់វិធានការលើទង្វើក្បត់ជាតិហ៊ានកាត់ទឹកដីឲ្យគេនេះ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ ងាកមកចាប់អារម្មណ៍នូវទង្វើក្បត់ជាតិរបស់គេ (សម រង្ស៊ី) នេះ ដែលហ៊ានចុះហត្ថលេខា ជាមួយមេដឹកនាំក្រុមម៉ុងតាញ៉ាវៀតណាម កាត់ទឹកដីចំនួន៤ខេត្តឲ្យគ្រប់គ្រង ក្បត់ប្រជាជននិងប្រទេសខ្លួនឯង»។
ការប្រតិកម្មខ្លាំងៗ និងពិចារណាចាត់វិធានការតាមផ្លូវច្បាប់ចំពោះទង្វើខ្មៅងងឹតរបស់ទណ្ឌិត សម រង្ស៊ី បែបនេះធ្វើឡើង បន្ទាប់ពីបែកធ្លាយនូវឯកសារ និងវិដេអូដ៏សំខាន់មួយ ដែលជាកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ និងលោក កុក ស មេដឹកនាំយួនជាជនជាតិ ដើមភាគតិច Degar (ម៉ុងតាញ៉ា) កាលពីឆ្នាំ២០១៣ ចុះហត្ថលេខាកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ របស់ខ្មែរឲ្យទៅវៀតណាមគ្រប់គ្រងនៅពេលគណបក្សប្រឆាំងឈ្នះឆ្នោតដឹកនាំប្រទេស។
សូមបញ្ជាក់ថា នៅក្នុងវីដេអូចុះហត្ថលេខានោះ លោក សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀណាមជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។ (សូមមើលវិដេអូ និងឯកសារភ្ជាប់ខាងក្រោមនេះ)
នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះតាមរយៈបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» បានទម្លាយនូវឯកសារ និងវិដេអូដ៏សំខាន់មួយដែលជាកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar កាលពីឆ្នាំ២០១៣ ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់ចេញផងដែរកាលពីម្សិលមិញ៕