(ភ្នំពេញ)៖ គណៈកម្មការមូលបត្រកម្ពុជា បានអនុម័តលើការផ្តល់ អាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទដល់ ក្រុមហ៊ុនចំនួន៥ថែមទៀត។
ការអនុម័តនេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី៥០ ដែលរៀបចំឡើងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.)។
ក្រុមហ៊ុនទាំង៥ ដែលត្រូវអនុម័តលើការផ្តល់ អាជ្ញាបណ្ណ/ការអនុញ្ញាតធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទរួមមាន៖ ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី, ក្រុមហ៊ុន ធីអេហ្វប៉ី គ្លូប៊ល អ៊ិនវេសមិន ឯ.ក, ក្រុមហ៊ុន ប៉ី អាយ ស៊ី ម៉ាឃីត ឯ.ក, ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីផល ឯ.ក និងក្រុមហ៊ុន ហ្គោលវែល ខាភីថល ឯ.ក។
ក្រៅពីនេះ អង្គប្រជុំបានសម្រេច អនុម័តលើការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនមេធាវី មេគង្គ ដើម្បីផ្តល់សេវាផ្នែកច្បាប់នៅក្នុងវិស័យមូលបត្រ និងអនុម័តលើសេចក្តីព្រាងប្រកាសថ្មី ស្តីពីការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មមូលបត្រ ដែលធ្វើវិសោធនកម្មប្រការមួយចំនួននៃប្រកាសលេខ ០០៩ គ.ម.ក. ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនមូលបត្រ និងភ្នាក់ងារក្រុមហ៊ុនមូលបត្រ៕