(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។
លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ខេត្តកណ្តាលមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៤៦២ មានកម្មករនិយោជិតសរុបជាង ១៥ម៉ឺននាក់ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងសរុប១៦៨ មានកម្មករនិយោជិតចំនួន ១៣៤,៣២៣នាក់។
លោករដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរូបនេះ បានអះអាងថា រោងចក្រ សហគ្រាសនៅក្នុងខេត្តកណ្តាល បានកសាងនៅមូលដ្ឋានជាប់នឹងប្រជាពលរដ្ឋ ដែលបានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើន ងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។
ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣៤ហើយ ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧មក។ ជំនួបទាំង ៣៤លើកនេះ មានកម្មករ កម្មការិនីសរុបជាង ៤០ម៉ឺនដែលបានជួបសំណេះសំណាលជាមួយសម្តេចតេជោ។ លោករដ្ឋមន្ត្រី អ៉ិត សំហេង បានគូសបញ្ជាក់ថា តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាជាច្រើនជូនកម្មករ កម្មការិនី ធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសកាន់តែប្រសើរ ជាពិសេសរក្សាបានស្ថេរភាពក្នុងវិស័យវេយណភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
លោក អ៉ិត សំហេង បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជារដ្ឋបុរសដែលបានសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ សម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ បង្រួបបង្រួមផ្សះផ្សារជាតិ ជាស្ថាបនិកនៃនយោបាយឈ្នះ-ឈ្នះ ទទួលបានជោគជ័យលើការបង្រួបបង្រួមខ្មែរគ្រប់ភាគីនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ធ្វើឲ្យទឹកដីទាំងមូលឯកភាពប្រកបដោយសន្តិភាព និងស្ថិរភាព ដែលជាគន្លឹះនៃការអភិវឌ្ឍ។
សូមបញ្ជាក់ថា តាមរយៈជំនួបដោយផ្ទាល់ជាបន្តបន្ទាប់នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលតម្កល់ប្រយោជន៍ប្រជាពលរដ្ឋជាធំ បានសម្រេចផ្តល់ជាកញ្ចប់អត្ថប្រយោជន៍ជាច្រើនសម្រាប់បងប្អូនកម្មករ និយោជិត ដែលរួមមានដូចជា៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងតាមមន្ទីរពេទ្យចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គមដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨នេះតទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* ជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារនៅឆ្នាំ២០១៨នេះ។
* ហាមមិនឲ្យមានការដំឡើងថ្លៃឈ្នួលផ្ទះ ឬ បន្ទប់ នៅក្នុងឆ្នាំ២០១៨។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ បន្ទាប់ពីគេបម្រើការងារចាប់ពី២៥ឆ្នាំឡើង។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
នៅពេលថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោលការណ៍ឲ្យបង្កើតក្រុមការងាររកមូលហេតុបណ្តាលឲ្យកម្មករដួលសន្លប់ និងបានសម្រេចឲ្យយកថវិកាបុរេប្រទាន ៤.៦លានដុល្លារ សម្រាប់ដោះស្រាយបញ្ហារបស់កម្មករ កម្មការិនី ដែលត្រូវថៅកែរត់ចោលថែមទៀតផង៕