(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ សាលាឧទ្ធរណ៍បានបើកសវនាការលើករណីបណ្តឹង ប្តឹងលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា ពីបទបរិហាកេរ្តិ៍ តាមពាក្យបណ្តឹងរបស់មេធាវីការពារសិទ្ធិឲ្យលោក សម រង្ស៊ី។
លោក គី តិច មេធាវីការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះឲ្យដឹងថា ជាលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៏បានសម្រេចតម្កល់សេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការពេញទាំងមូល។ ខ្លឹមសារនៃសេចក្តីសម្រេចរបស់ សាលាដំបូងភ្នំពេញគឺ៖ * ផ្តន្ទាទោសលោក សម រង្សី ពិន័យជាប្រាក់ចំនួន១០លានរៀលដាក់ចូលជាថវិការដ្ឋ និងបង្គាប់ឲ្យលោក សម រង្ស៊ី សងសំណងជម្ងឺចិត្ត ចំនួន៤ពាន់លានរៀល ឬប្រមាណ ១លានដុល្លារ ជូនដើមបណ្តឹងរដ្ឋប្បវេណី។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស «បរិហាកេរ្តិ៍ជាសាធារណៈ» ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ការសម្រេចដាក់ពាក្យប្តឹងលោក សម រង្ស៊ី នៅពេលនេះធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសូកប៉ាន់លុយ ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ដើម្បីឱ្យនាងធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ៕