(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះបានអះអាងថា ឆ្នេរអូរឈើទាល នៅខេត្តព្រះសីហនុ មិនមានការបាត់បង់ ដូចការបណ្តាញសង្គម និងវេបសាយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សាយបានឡើយ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តាញសង្គម និងវេបសាយមួយចំនួន បានផ្សព្វផ្សាយថា ឆ្នេរអូរឈើទាលនេះ ត្រូវបានរដ្ឋាភិបាល ប្រគល់ឱ្យវិនិយោគិនចិនគ្រប់គ្រង។
លោកពេជ្រ ស្រស់ បានបញ្ជាក់ថា «ជិះឡានបណ្តើរបុកពោះបណ្តើរ ដោយគិតថាឆ្នេរអូរឈើទាលបានឃ្លាតឆ្ងាយពីជនជាតិខ្មែរហើយ ដោយហេតុប៉ុន្មានខែមុនឃើញព័ត៌មានចុះ ព្រោងព្រាតថាកំពង់សោម និងឆ្នេរអូរឈើ ទាល់ឥឡូវត្រូវបានចិនកាន់កាប់ហើយ ប៉ុន្តែឮមួយពាន់ដងមិនស្មើរមកជួបផ្ទាល់ម្តងនោះទេ»។
លោកបានបន្តថា «ជាក់ស្តែងខណៈនេះ ខ្ញុំកំពុងអង្គុយលំហែរកាយនៅឆ្នេរអូឈើទាល ហើយឆ្នេរអូឈើទាលនៅតែឆ្នេរអូរឈើរទាល ជាពិសេសតម្លៃម្ហូបនៅទីនេះគឺមានតម្លៃសមរម្យដដែល ម៉្យាងវិញទៀតតុអង្គុយមួយក្រុមសេវា ជួលត្រឹមតែ ២ ម៊ឺនរៀលតែប៉ុណ្ណោះ គឺខុសឆ្ងាយពីការចុះផ្សាយកន្លងមក»។
ទន្ទឹមនឹងការអះអាងបែបនេះ លោកពេជ្រ ស្រស់ បានអំពាវនាវ ឱ្យអ្នកលេងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយតូចធំ ត្រូវចុះផ្សាយព័ត៌មានឱ្យបានច្បាស់ និងពិតប្រាកដ អំពីករណីនេះដើម្បីកុំឲ្យពលរដ្ឋខ្មែរភ័យខ្លាច និងមិនហ៊ានមកលេងនៅមាត់សមុទ្រខ្មែរខ្លួនឯង៕