(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧៦៩គ្រឿង រកឃើញល្មើសច្បាប់៥០២គ្រឿង (ម៉ូតូ៧២ភាគរយ) អប់រំ២៩១រឿង និងផាកពិន័យ២១១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​ នៅថ្ងៃទី០៦ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន៣,១០១គ្រឿង អប់រំ២៤៣គ្រឿង និងផាកពិន័យចំនួន១៣០គ្រឿង។

ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៧០៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។

សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៦ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ២៦,៧៦៩គ្រឿង រកឃើញយានយន្តល្មើស ២,៩២០(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ១,៧២៩គ្រឿង និងផាកពិន័យ១,១៩១គ្រឿង
(ម៉ូតូ៩៧ភាគរយ)៕