(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា សម្ដេចនឹងបន្ដជួបសំណេះសំណាលជាមួយ ក្រុមសិល្បករ សិល្បការិនី ជារៀងរាល់ឆ្នាំ ពោលមិនតិចជាង១០ទៀតនោះទេ ក្នុងតំណែងជានាយករដ្ឋមន្ដ្រីដូចបច្ចុប្បន្ននេះ។
ការមានប្រសាសន៍ខាងលើនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ ទិវាវប្បធម៌ជាតិលើកទី២០ និងពិសាបាយសាមគ្គីជាមួយអ្នកសិល្បៈនៅមជ្ឈមណ្ឌលកោះពេជ្រ នៅល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានបញ្ជាក់ថា នៅឆ្នាំនេះមានការជួបជុំ៤០០០នាក់ ប៉ុន្ដែនៅឆ្នាំក្រោយនឹងច្រើនជាងនេះ ហើយសម្ដេចក៏បានអំពាវនាវ ឲ្យក្រុមសិល្បករ សិល្បការិនី ឲ្យចូលរួមកាន់តែច្រើនឡើងនៅឆ្នាំបន្ដបន្ទាប់ទៀត ព្រោះវត្តមានសម្ដេច និងភរិយា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល នៅក្នុងបន្ទប់តែមួយនេះ ជាការបង្កើនភាពស្និតស្នាលកាន់តែខ្លាំងឡើង។
យ៉ាងណាក៏ដោយ សម្រាប់ជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យរដ្ឋមន្ដ្រីក្រសួងវប្បធម៌ បើសិនជាថ្ងៃទី០៣ ខែមីនា ជាន់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ត្រូវលើកទៅថ្ងៃច័ន្ទ ឬអង្គារវិញ ព្រោះក្រុមសិល្បករ សិល្បការិនី ជាប់រវល់សម្ដែងកម្មវិធីនានា ដែលម្ចាស់កម្មវិធីជួលពួកគេទៅសម្ដែង។
ក្នុងពិធីដែលពោរពេញទៅដោយភាពស្និតស្នាលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ក្រុមសិល្បករ សិល្បការិនីគ្រប់ទម្រង់ និងគ្រប់ជំនាន់ នឹងផ្ដល់ឱកាសសម្ដេចបានបន្ដដឹកនាំប្រទេសជិត៤០មកនេះ ហើយសម្ដេចជំនឿយ៉ាងមុតមាំថា សិល្បករ សិល្បការិនី នឹងគាំទ្រសម្ដេចជានាយករដ្ឋមន្ដ្រី ហើយបោះឆ្នោតគាំទ្រគណបក្សប្រជាជន។
សូមជម្រាបថា ទិវាវប្បធម៌ជាតិ ៣ មីនា ឆ្នាំនេះត្រូវបានប្រារព្វធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ការជ្រើសរើសយកប្រធានបទនេះ គឺក្នុងបំណងជំរុញឲ្យយុវជនចូលរួមអនុវត្តកាន់តែសកម្មក្នុងការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៅកម្ពុជា។
តាមរយៈសារាចរណែនាំពីការរៀបចំទិវាវប្បធម៌នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើង ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដល់កូនចៅជំនាន់ក្រោយ៕