(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះតាមរយៈបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» បានទម្លាយនូវឯកសារ និងវិដេអូដ៏សំខាន់មួយដែលជាកិច្ចព្រមព្រៀងរវាងលោក សម រង្ស៊ី និងលោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar កាលពីឆ្នាំ២០១៣។
ការទម្លាយឯកសារដ៏សំខាន់នេះធ្វើឡើងនៅលើ Comment លើ Facebook ឈ្មោះ «ពលរដ្ឋខ្មែរអូស្ត្រាលី Kh» នារសៀលថ្ងៃអង្គារ៍នេះតែម្តង ដោយភ្ជាប់ជាមួយនឹងខ្លឹមសារមួយចំនួន៖
«សូមអរគុណចំពោះបងប្អូនខ្មែរយើងនៅអូស្ត្រាលី ដែលបានរម្លឹកខ្ញុំដោយលើកឡើងពី សម រង្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយជនជាតិដើមភាគតិច Degar (ជាជនជាតិយួន)។ ជាការពិតណាស់ រូបខ្ញុំផ្ទាល់នៅសហរដ្ឋអាមេរិក បានទទួលនូវឯកសារពាក់ព័ន្ធជាច្រើនពីមិត្តភ័ក្ត្រ ហើយដែលមិត្តរបស់ខ្ញុំ គឺគេមានទំនាក់ទំនងជិតស្និទ្ធខ្លាំងណាស់ ជាមួយថ្នាក់ដឹកនាំសង្គ្រោះជាតិ និងជាអ្នកសម្របសម្រួលការងារផ្សេងៗជាមួយមេដឹកនាំជនជាតិ Degar។ មិត្តរបស់ខ្ញុំ បានបញ្ជូនឯកសារជាច្រើនឱ្យមកខ្ញុំ ដែលខ្ញុំសូមបង្ហាញជូនបងប្អូនខ្មែរយើងទាំងក្នុង និងនៅក្រៅប្រទេសឱ្យបានដឹងពីការពិតនេះ ។
ឯកសារទាំងអស់នោះមានដូចជា៖ កិច្ចព្រមព្រៀងរវាង សម រង្ស៊ី និងលោក កុក ស មេដឹកនាំយួនជាជនជាតិដើមភាគតិច Degar កាលពីខែកុម្ភៈ និងខែមេសា ឆ្នាំ២០១៣ (ជា២ភាសា ខ្មែរ និងអង់គ្លេស), មានទាំងវីដេអូទៀតផង នៅពេលចុះហត្ថលេខា។ ខ្ញុំបានអានកិច្ចព្រមព្រៀងនោះគឺបញ្ជាក់ច្បាស់ណាស់ថា ជនជាតិដើមភាគតិច ដែលជាយួន Degar មានសិទ្ធិស្វ័យភាព របស់ពួកគេ គឺមានសិទ្ធិធ្វើ និងអនុវត្តសេចក្តីសម្រេចលើបញ្ហាពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុង និងតំបន់របស់ពួកគេរស់នៅក្នុងប្រទេសកម្ពុជា។ មាត្រា៥ នៃកិច្ចព្រមព្រៀងនេះ ក៏បានបញ្ជាក់ផង ដែរថា ជនជាតិយួនដែលជាជនជាតិដើមភាគតិច Degar នឹងមានសិទ្ធិពេញលេញ ប្រសិនបើពួកគេចូលរួមក្នុងជីវិតនយោបាយ (គឺក្នុងន័យថា បើគាំទ្រគណបក្សសង្គ្រោះជាតិ)»។
ម៉្យាងវិញទៀតក្នុងវីដេអូ លោក សម រង្ស៊ី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គាត់នឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឱ្យយួនជនជាតិភាគតិច Degar ដើម្បីគ្រប់គ្រងខេត្តទាំងបួននោះដោយស្វ័យភាព។ (សូមមើលវិដេអូ និងឯកសារភ្ជាប់ខាងក្រោមនេះ)
បន្ទាប់ពីខ្ញុំបានដឹងដូច្នេះ ខ្ញុំបានគិតថា ទង្វើរបស់ សម រង្ស៊ី គឺជាអំពើក្បត់ ដែលផ្ទុយពីអ្វីដែលជាវោហារសាស្ត្រនយោបាយ គឺគាត់តែងតែនិយាយចោទថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាយ៉ងយួន និងជាឆ្កែបំរើយួនជាដើម។ តែធាតុពិត ថ្ងៃនេះខ្ញុំជាជនជាតិខ្មែរមួយរូបដែលកំពុងរស់នៅសហរដ្ឋអាមេរិក សូមប្រកាសថា សម រង្ស៊ី គឺជាជនក្បត់ជាតិតពូជ និងជាអាយ៉ងយួនយ៉ាងពិតប្រាកដ។
ខ្ញុំសូមផ្តាំដល់ខ្មែរទាំងអស់គ្នា ត្រូវដឹង និងចងចាំទុកថា អំពើក្បត់ជាប្រព័ន្ធនេះ បើមិនចាត់វិធានការតាមផ្លូវច្បាប់ទេនោះ វាអាចនឹងនាំឱ្យស្រុកខ្មែរមិនបានសុខនោះទេ។ ម៉្យាងវិញទៀត ពួកម៉ាកខ្ញុំបានប្រាប់ថា មេដឹកនាំយួនជនជាតិ Degar ឈ្មោះ កុក ស នោះ គឺសព្វថ្ងៃនេះ បាននិងកំពុងចូលរួមឧបត្ថម្ភជាហិរញ្ញវត្ថុជាច្រើន ដើម្បីជួយគាំទ្រចលនាសង្គ្រោះជាតិ។
ហេតុនេះសូមបងប្អូនខ្មែរយើងទាំងអស់គ្នា គួរពីដឹងពីបញ្ហានេះ ដោយការនឹករលឹក និងស្រឡាញ់ជាតិ មាតុភូមិបំផុត»៕