Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល៖ បច្ចុប្បន្ននេះមានស្ដ្រីចំនួន៥៣ភាគរយ កំពុងបម្រើការងារ ក្នុងវិស័យសុខាភិបាល

06-03-2018 19:09

(ភ្នំពេញ)៖ ស្ដ្រីបានដើរតួនាទីដ៏សំខាន់ មិនអាចខ្វះបានឡើយ ក្នុងវិស័យសុខាភិបាល ដូចនេះហើយបច្ចុប្បន្ននេះ ចំនួនស្ដ្រីមានរហូតដល់ទៅ៥៣ភាគរយ ដែលកំពុងបម្រើការងារក្នុងក្រសួង និងតាមបណ្ដាមន្ទីរពេទ្យរដ្ឋ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ។

រដ្ឋមន្ដ្រីថ្លែងក្នុងពិធីអបអបរសាទរ ទិវាអន្ដរជាតិ ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នាទីស្ដីការក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែមីនានេះថា ពិតណាស់ស្ដ្រី ជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដែលមិនអាចខ្វះបាន ជាក់ស្ដែង ក្នុងវិស័យសុខាភិបាលតែម្ដង គឺស្ដ្រីជាច្រើន ដែលជាដឹកនាំនៅតាមផ្នែកសំខាន់ៗ។

លើសពីនោះ រដ្ឋមន្ដ្រីបន្ដថា «ក្នុងនោះ ឆ្មប បានដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការជួយកិច្ចការសង្គម ពិសេសលើស្ដ្រីជាយុវវ័យ ស្ដ្រីជាមាតា និងស្ដ្រីកំពុងមានផ្ទៃពោះ ដែលចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ ដែលមិនអាចខ្វះបានឡើយ»

លោកសាស្ដ្រាចារ្យថ្លែងទៀតថា ដូចនេះ ប្រធានបទស្ដីពី «ស្រ្តីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នឹងប្រារព្ធធ្វើឡើង ក្នុងទិវាអន្តរជាតិ៨មីនា ឆ្នាំ២០១៨នេះ ពិតជាចំគោលដៅណាស់ ដើម្បីទាមទារឲ្យមានការ លើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិសេរីភាព ឋានៈតួនាទីរបស់ស្រ្តីនៅក្នុងសង្គមផងនោះ ។ដូច្នេះ ក្រសួងសុខាភិបាល នឹងបន្ដគំាទ្រជំរុញដល់ស្ដ្រី ក្នុងការចូលរួមជាស្នូលដ៏សំខាន់ ក្នុងការបំពេញកិច្ចការងារជួយជាតិ មាតុភូមិបន្ថែមទៀត ៕