(បន្ទាយមានជ័យ)៖ មេបញ្ជាការរងកងពលតូចថ្មើជើងលេខ៥១ លោកឧត្តមសេនីយ៍ត្រី សេង ធារិន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ឲ្យដឹងថា នៅល្ងាចថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ មានគ្រោះធម្មជាតិខ្យល់កន្រ្តាក់ បានវាយប្រហារខ្លាំងៗ ទៅលើផ្ទះអ្នកស្រុកជាច្រើនខ្នង (មិនទាន់ដឹងចំនួន) ស្ថិតនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បានបន្តទៀតថា នៅពេលនេះកម្លាំងយោធារបស់លោក នៅក្នុងកងពលជាច្រើននាក់ បាននិងកំពុងជួយអន្តរាគមន៍។ បើតាមលោកមេបញ្ជាការរងកងពល គ្រោះធម្មជាតិមួយនេះ បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ដោយខ្លះរប៉ើកដំបូល និងខ្លះទៀតប៉ើងជញ្ជាំងតែម្តង។ តែយ៉ាងណានោះ នៅមិនទាន់មានព័ត៌មាន ស្តីពីរងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់នោះទេ។
សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពភ្លៀងកក់ខែ ដែលនឹងធ្លាក់មកចាប់ពីថ្ងៃនេះ ដល់០៩ ខែមីនា ឆ្នាំ២០១៨ នៅតាមបណ្ដាស្រុក-ក្រុងមួយចំនួន នៃខេត្តចំនួន៧ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងខេត្តបន្ទាយមានជ័យផងដែរ។
ខេត្តទាំង៧នោះ រួមមានខេត្តកោះកុង កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តសៀមរាប៕