(ប៉ៃលិន)៖ រសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិនបានប្រារព្ធពិធី អបអរសាទរ ខួបលើកទី១០៧ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សា សន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» នៅសាលាខេត្តក្រោមអធិបតីភាព លោក កើត សុធា អភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសមាគមនារីខេត្តយ៉ាងច្រើនកុះករ។
លោកកើត សុធា បានថ្លែងថា ការប្រារព្ធ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៨នេះ ពិតជាមានសារៈសំខាន់ និងស្របទៅនឹងបរិបទតំបន់ និងសកលជាពិសេសសម្រាប់កម្ពុជាដែលជានិច្ចកាលបានផ្តល់តម្លៃជាសារវ័ន្តនូវតម្លៃសន្តិភាព និងការលើកកម្ពស់វប្បធម៌ អហិង្សាដែលរាជរដ្ឋាភិបាលបាន និងកំពុងគាំទ្រជម្រុញឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីអភិវឌ្ឍន៍សង្គមឆ្ពោះទៅបន្តលើកកម្ពស់សិទិ្ធ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្រ្តី ព្រមទាំងសុខុមាលភាពសង្គម។
លោកអភិបាលខេត្តបានបន្តទៀតថា សុខសន្តិភាពមានសារៈសំខាន់ណាស់ដែលជាបំណងប្រាថ្នា របស់បុគ្គលគ្រប់រូប គ្រប់វ័យព្រោះបើមានសុខសន្តិភាពមាន ការអភិវឌ្ឍគ្រប់វិស័យ និងគ្រប់ទីកន្លែង។ ស្រ្តីជាកម្លាំងចលករដែលមិនអាចខ្វះបាន ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិ ដែលរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចមានកំណើនខ្ពស់។
បន្ថែមពីនេះ លោក កើត សុធា បានធ្វើការកោតសរសើរដល់មន្ទីរកិច្ចការនារីខេត្ត អង្គភាពពាក់ព័ន្ធនានា ផ្នែកឯកជន និងអង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ តួនាទីរបស់ស្រ្តី និងសូមបន្តគាំទ្រ និងប្រែក្លាយ ខ្លឹមសារនៃប្រធានបទ ស្រ្តីរួមគ្នាថែរក្សាសន្តិសុខ ដើម្បីអភិវឌ្ឍន៍ជាតិ ដើម្បីឱ្យទៅជាសមត្ថភាពជាក់ស្តែង ដើម្បីកម្ពុជាប្រែក្លាយជាប្រទេសដែលមានខឿន សេដ្ឋកិច្ចរឹងមាំ មានសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរម្យនាក្នុងសង្គម និងពង្រីកបាននូវ លក្ខខណ្ឌអំណោយផល សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដើម្បីឈានទៅសម្រេចបាននូវ ការអភិវឌ្ឍមួយប្រកបដោយចីរភាព៕