(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ប្តេជ្ញាយកជ័យលាភីទីក្រុងស្អាត ពានរង្វាន់ «ផ្ការំដួល៣ទង» ពីសម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២១។
លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា» នៅព្រឹកថ្ងៃអង្គារ ៥រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។
លោក សុខ លូ បានថ្លែងឲ្យដឹងថា បន្ទាប់ពីចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០១៥-២០១៨) កន្លងផុតទៅលទ្ធផលបង្ហាញថាគ្រប់ក្រុង-ខណ្ឌ បេក្ខភាពសុទ្ធតែទទួលបានផ្ការំដួលទាំងអស់គ្នា ក្រុង-ខណ្ឌខ្លះទទួលបានផ្ការំដួល១ទង ផ្ការំដួល២ទង និងផ្ការំដួល៣ទង ដោយឡែកនៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ទទួលបានពានរង្វាន់ផ្តារំដួង២ទង។
ក្នុងនោះ លោកបានជំរុញដល់អភិបាលក្រុងស្ទឹងសែន និងមន្ទីរទេសចរណ៍ខេត្ត ត្រូវប្រឹងប្រែងឲ្យបានខ្លាំងក្លាបំផុត ដើម្បីទទួលបានផ្ការំដួល៣ទងផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន ព្រោះនេះជាមោទនភាពរបស់ខេត្តកំពង់ធំ។
លោក សុខ លូ បានបញ្ជាក់ថា ទីក្រុងស្អាតនាំមកនូវផាសុខភាព ជំរុញការរក្សាបាននូវអនាម័យល្អ និងសណ្ដាប់ធ្នាប់ល្អ ដែលជាការរួមចំណែកក្នុងការទាក់ទាញទេសចរណ៍ និងចំណេញដល់សេដ្ឋកិច្ចជាតិ តាមរយៈការធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅទីនោះមានការរីកចម្រើន។
លោកបានសង្កត់ធ្ងន់ថា អ្វីតែជាគោលបំណងចម្បងនៃចលនាប្រឡងប្រណាំងទីក្រុងស្អាត គឺចង់ឲ្យប្រទេសកម្ពុជាស្អាត និងបៃតង សេវាកម្មប្រកបដោយគុណភាពខ្ពស់ និងជួយជំរុញឲ្យគ្រប់កន្លែងទាំងអស់មានបដិសណ្ឋារកិច្ចល្អ ជាពិសេសយើងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាលើទឹកដីខេត្តកំពង់ធំ ជាពិសេសនៅតំបន់រមណីយដ្ឋានប្រវត្តសាស្ត្រ ប្រាសាទសំបូរព្រៃគុក ដែលត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ៕