(ភ្នំពេញ)៖ គ្រឿងអលង្ការមាស ពេជ្រ ត្បូង និងនាឡិកា ដែលមានតម្លៃខ្ទង់លានដុល្លារ របស់ Franchise Lukfook Jewellery ត្រូវបានបង្ហាញនៅក្នុងពិធីបង្ហាញម៉ូដ កាលពីចុងសប្ដាហ៍នេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់ភ្ញៀវកិត្ដិយសសុទ្ធតែលំដាប់ៗ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករធំៗជាតិ-អន្ដរជាតិ ដែលបានចូលរួម។
ពិធីបង្ហាញម៉ូដគ្រឿងអលង្ការនេះ ដែលរៀបចំដោយហាងគ្រឿងអលង្ការ Lukfook Jewellery ដែលទើបវិនិយោគ៥លានដុល្លារអាមេរិក លើវិស័យគ្រឿងអលង្ការ នៅរាជធានីភ្នំពេញ ដោយគ្រឿងអលង្ការទាំងអស់នេះ បាននាំចូលនិងទិញសិទ្ធិអាជីវកម្ម(Franchise)ពីក្រុមហ៊ុន Lukfook Group របស់ហុងកុង ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក ចុះបញ្ជីនៅផ្សារហ៊ុន និងមាន ១,៦១០សាខានៅទូទាំងពិភពលោក ។
លោកស្រី ឆាយ លក្ខិណា អគ្គនាយិការហាងគ្រឿងអលង្ការ Lukfook Jewellery ប្រចាំនៅកម្ពុជាបានថ្លែងថា «បានជាលោកស្រីនាំយកនូវគ្រឿងអលង្ការម៉ាកល្បី ដែលគេទទួលស្គាល់លើពិភពលោក និងទិញសិទ្ធិអាជីវកម្ម( Franchise) ពីក្រៅប្រទេស ចូលមកកម្ពុជា ដោយសារប្រទេសយើង កំពុងមានសេដ្ឋកិច្ចរឹងមាំ មានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលធ្វើឲ្យប្រជាពលរដ្ឋយើងមានជីវភាពធូរធារ ដូចនេះគ្រឿងអលង្ការដ៏ស្រស់ស្អាត និងមានគុណភាពខ្ពស់នេះ នឹងបំពេញនូវតម្រូវការរបស់អតិថិជនកម្ពុជាយើង»។
លោកស្រីបន្ដថា គ្រឿងអលង្ការម៉ាកល្បីនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្ពស់ និងទំនុកចិត្ដទាំងស្រុងពីសំណាក់អតិថិជន ព្រោះរាល់គ្រឿងអលង្ការទាំងអស់ សុទ្ធតែច្នៃប្រឌិតដ៏ល្អឥតខ្ចោះ មានការធានាសុទ្ធ១០០% និងមានគុណភាពខ្ពស់ សម្រាប់រចនាបថម៉ូដនៃគ្រឿងអលង្ការនីមួយៗគឺក្រុមហ៊ុនជាអ្នកច្នៃដោយផ្ទាល់ មិនមានអ្នកច្នៃដូច ស្រស់ស្អាតប្លែក សាកសមបំផុត ទៅបុរស និងស្រី មានតម្លៃសមរម្យទៅតាមហាងឆេង របស់ក្រុមហ៊ុន ហើយពេលទិញហើយ អាចលក់ និងដូរម៉ូតវិញបានផងដែរ។
នាយកប្រតិបតិ្ដ និងជាអគ្គនាយរងគ្រប់គ្រងទូទៅ Lukfook Group ប្រចាំហុងកុង បានឲ្យដឹងថា «ដោយសម្លឹងឃើញពីផ្សារកម្ពុជា កំពុងរីកចម្រើន ពិសេសនៅរាជធានីភ្នំពេញនេះ មានភ្ញៀវទេសចរអន្ដរជាតិកើនពីមួយឆ្នាំទៅមួយឆ្នាំ និងមានសេដ្ឋកិច្ចដ៏មានសក្តានុពលស្របពេល មិនទាន់មានហាងណា ដែលមានលក់គ្រឿងអលង្ការម៉ាកអន្ដរជាតិល្បីៗដូចនេះក៏សម្រេចចិត្ដ ពង្រីកការវិនិយោគមកស្រុកខ្មែរតែម្ដង ពិសេសនៅប៉ុន្មានឆ្នាំខាងមុខនេះទៀតនឹងពង្រីកចំនួន៥សាខាទៀត បន្ថែមទៀតនៅកម្ពុជា»។
ហាង Lukfook Jewellery មានអាសយដ្ឋាននៅអគារលេខ ៤១ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្បែរក្រុមហ៊ន Cellcard ៕