(បន្ទាយមានជ័យ)៖ អំពើឃាតកម្មសម្លាប់បុរស ជាជនជាតិចិនម្នាក់ នៅក្នុងបន្ទប់កាស៊ីណូហ្គ្រេនដាយមិនស៊ីធី ក្រុងប៉ោយប៉ែត សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត កំណត់មុខសញ្ញាជនល្មើសជាឃាតករនោះបានហើយ គឺជាជនជាតិចិនមានគ្នា ៥នាក់ចូលធ្វើសកម្មភាព យកកន្សែងបិទខ្ទប់ច្រមុះ និងមាត់ជនរងគ្រោះបណ្តាលឱ្យដាច់ខ្យល់ស្លាប់។
ជនសង្ស័យជាឃាតករ បានរត់គេចខ្លួនបាត់អស់ហើយ សមត្ថកិច្ចនៅខេត្តបន្ទាយមានជ័យ កំពុងតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ បើតាមប្រភពព័ត៌មានពីនគរបាលប្រាប់ឱ្យដឹងថា តាមការសន្និដ្ឋានបឋម ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យជាឃាតករ ល្បួងមកលេងល្បែងកាស៊ីណូ ហើយធ្វើស៊ីជនរងគ្រោះតែម្តង។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ មានជនបរទេសម្នាក់ជាជនជាតិចិន ដេកស្លាប់នៅសណ្ឋាគារកាស៊ីណូហ្គ្រេនដាយម៉ិនស៊ីធី សង្ស័យជាអំពើឃាតកម្ម ព្រោះលើរាងកាយជនរងគ្រោះមានស្នាមជាំ ជាច្រើនកន្លែង។
ជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់ សណ្ឋាគារហ្គ្រេនដាយម៉ិន លេខ៣០៤ ជាន់ទី៣ ហើយសមត្ថកិច្ចជំនាញកម្ពុជាបានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងកោសល្យវិច័្ចយលើរាងកាយសពឃើញថា លើសពមានស្នាមជាំដែល ជាអំពើឃាតកម្ម។
បើតាមប្រភពព័ត៌មានពីនគរបាលប្រាប់ឱ្យដឹងថា ជនរងគ្រោះសមត្ថកិច្ចមិនស្គាល់ អត្តសញ្ញាណនោះទេ។ ប៉ុន្តែសាកសពជនរងគ្រោះត្រូវបាននគរបាល ដឹកបញ្ជូនយកទៅធ្វើកោសល្យវិច័្ចយបន្ថែមទៀត នៅក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវគេមើលឃើញថា មានវត្តមានជនជាតិចិនជាច្រើននាក់ បានមករកស៊ីវិនិយោគនៅក្រុងប៉ោយប៉ែត។ ក្រុងប៉ោយប៉ែតត្រូវបានគេចាត់ទុកថា ជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីក្រុងព្រះសីហនុ ដែលមានជនជាតិចិនមករកស៊ីវិនិយោគច្រើនជាងគេនោះ៕