(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានធ្វើការដុតបំផ្លាញចោលនូវទំនិញ ដែលនាំចូលដោយខុសច្បាប់ ចំនួន០៦ប្រភេទ ស្នើនឹងជាង១១តោន ដែលបង្ក្រាបបាននាពេលកន្លងមក។
ការដុតបំផ្លាញនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, លោក លឿង រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម, លោកឧត្តមសេនីយ៍ឯក ហួរ ឡាយ អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌, តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានឲ្យដឹងថា ការដុតបំផ្លាញទំនិញនៅថ្ងៃនេះ ដោយអនុវត្តតាមដីការសម្រេចរបស់តុលាការ និងដោយមានឯកភាពពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលទំនិញនៅថ្ងៃនេះមាន០៦ប្រភេទ រួមមាន ថ្នាំពេទ្យ, គ្រឿងសំអាង, ភេសជ្ជៈប៉ូវកម្លាំង និងសំបកវេចខ្ចប់, បៀរនីឡុង, ប្រេងម៉ាស៊ីន និងស្រាកែច្នៃពុំត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
បើតាមប្រធាននាយកដ្ឋានរូបនេះ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងវត្ថុតាងល្មើសច្បាប់ ដែលបានចាប់យកមកដុតបំផ្លាញចោលទាំងអស់នេះ ត្រូវបានធ្វើឡើងដោយមានការចង្អុលបង្ហាញ និងអនុសាសន៍របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងដឹកនាំបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ជាមួយគ្នានោះ លោក លឿង រដ្ឋា ក៏បានបញ្ជាក់ដែរថា ក្នុងឆ្នាំ២០១៧កន្លងទៅ នាយកដ្ឋានកាំកុងត្រូល បានត្រួតពិនិត្យទំនិញសរុប៥២តោន នៅតាមព្រំដែន និងនៅតាមទីផ្សារបានជាង២៦តោន ដោយឡែកត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០១៨នេះ បានត្រួតពិនិត្យទំនិញនៅតាមព្រំដែន រហូតដល់ទៅជាង៣១តោន និងនៅលើទីផ្សារបានជាង៤តោន ដែលនឹងត្រូវដុតកម្ទេចចោលនាពេលឆាប់ៗខាងមុខនេះ។
ប៉ុន្ដែទោះជាយ៉ាងណា អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្ដប្រតិបត្តិការនេះ ឲ្យដូចភ្លៀងរលឹម ពោលនឹងបន្ដអប់រំណែនាំដល់ប្រជាពលរដ្ឋ ច្រើនជាងការបំផ្លាញទំនិញ ជាក់ស្ដែងទំនិញ ដែលបង្ក្រាបបាននៅតាមព្រំដែន កាំកុងត្រូលបានបញ្ជូនទៅប្រទេសក្រៅវិញផងដែរ។ បន្ថែមពីនេះ អគ្គនាយករងកាំកុងត្រូលរូបនេះ ក៏បានធ្វើអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ពេលឃើញ ឬដឹងកន្លែងណា ដែលមានលក់ទំនិញខូចគុណភាព ឬខុសប្រក្រតី ត្រូវរាយការណ៍តាមរយៈលេខទូរស័ព្ទ Hotline ជូនសមត្ថកិច្ចជំនាញភា្លមៗ ដើម្បីមានវិធានការណ៍តាមផ្លូវច្បាប់។
សូមជម្រាបថា នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កន្លងមកបានធ្វើការដុតបំផ្លាញចោលនូវមុខផលិតផលទំនិញហាមឃាត់ ដូចជា ទំនិញខូចគុណភាព, ទំនិញ និងផលិតក្លែងក្លាយ, ផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត, ផលិតផលគ្រឿងសំអាងលាយសារធាតុគីមីខុសច្បាប់, ឱសថក្លែងក្លាយ, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ បានចំនួន២៥លើករួចមកហើយ៕