(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ពីការបន្តកិច្ចសហការ និងការគាំទ្រពេញទំហឹងរបស់ក្រសួងពាណិជ្ជកម្ម ចំពោះការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨ នៅលើទឹកដីខេត្តសៀមរាប ក្រោមការចាត់ចែងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានបេសកកម្មបណ្តុះបណ្តាលយុវជនកម្ពុជា ឲ្យក្លាយទៅជាសសរទ្រូង និងជាឆ្អឹងខ្នងនៃប្រទេសជាតិ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ នៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលរៀបចំឡើងកាលពីរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានកោតសរសើរចំពោះភាពឈ្លៀសវៃរបស់លោក ហ៊ុន ម៉ានី ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ជាពិសេសផ្តួចផ្តើមបង្កើតឲ្យមានព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ ចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ហើយបាននាំមកនូវប្រាក់ចំណូលរាប់លានដុល្លារ សម្រាប់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងខេត្តសៀមរាប។
ជាការឆ្លើយតបលោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តល់ឱកាសដល់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើបទបង្ហាញទាក់ទងនឹងដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ឆ្នាំ២០១៨ ក៏ដូចជាការគាំទ្រនានាដែលក្រសួងពាណិជ្ជកម្មបានផ្តល់ជូននាពេលកន្លងមក។
លោកប្រធាន ក៏បានជម្រាបជូនលោករដ្ឋមន្ត្រី អំពីទស្សនទាន និងវត្ថុបំណងនៃព្រឹត្តិការណ៍អង្គរសង្គ្រាន្ត ដែលបង្កើតឡើងដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ លើកស្ទួយកិត្យានុភាពកម្ពុជានៅលើឆាកអន្តរជាតិ និងបំផុសស្មារតីសាមគ្គីរវាងប្រជាជនខ្មែរ ជាពិសេសយុវជន-យុវនារី ឲ្យមានមោទនភាព និងស្រលាញ់វប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដែលជាអត្តសញ្ញាណជាតិ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងត្រូវរៀបចំឡើងរយៈពេល ៤ថ្ងៃ (ថ្ងៃទី១៣ ដល់ថ្ងៃទី ១៦ ខែមេសា) ក្រោមប្រធានបទ «សាទរមរតកកម្ពុជា» ដើម្បីស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ធ្វើការស្វែងយល់កេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃបុព្វបុរសខ្មែរ។ ព្រឹត្តិការណ៍នេះ ក៏នឹងនាំមកនូវផ្ទាំងទស្សនីយភាពវប្បធម៌ជាច្រើនទម្រង់ដូចជា៖ ការលេងល្បែងប្រជាប្រិយ ការសម្តែងរបាំបុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ព្រមទាំងការបង្ហាញជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅតាមតំបន់ផ្សេងៗ នៅខាងមុខប្រាសាទអង្គរវត្ត លានជល់ដំរី បរិវេណពិព័រណ៍ឃ្យុងយូ ផាប់ស្ទ្រីត និងសួនច្បារព្រះរាជដំណាក់នៃខេត្តសៀមរាប៕