(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរមួយ បានបង្កឡើងដោយរថយន្តមួយគ្រឿង ម៉ាកហីយិនដាយ បើកបរមិនប្រុងប្រយ័ត្នបានបុករះម៉ូតូចំនួន៤គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលឲ្យមនុស្សរងរបួសមនុស្ស១៤នាក់ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ នៅលើផ្លូវជាតិលេខ៦ចន្លោះគីឡូមែត លេខ៣១-៣២ ស្ថិតនៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ករណីនេះគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ0៤គ្រឿង ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ដែលកំពុងឈប់ដើម្បីឲ្យមនុស្សឆ្លងផ្លូវ បានបណ្តាលឲ្យ១៤នាក់ មនុស្សស្រីចំនួន៨នាក់ របួសធ្ងន់៣នាក់ ស្រី២នាក់ និងរងរបួសស្រាលចំនួន១១នាក់ ខូចខាតរថយន្ត១គ្រឿង ម៉ូតូ៤គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿងផងដែរ។
រថយន្តបង្កម៉ាកហ៊ីយិនដាយពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3D-៣៤៦០ (អ្នកបើកបររត់គេចបាត់) ធ្វើដំណើរជើង ទៅត្បូងលុះមកដល់ចំណុច កើតហេតុ បានបុកម៉ូតូសណ្ដោងរ៉ឺម៉កចំនួន១គ្រឿង និងម៉ូតូ៤គ្រឿង ដែលឈប់ស្ងៀមចំឲ្យសិស្សឆ្លងផ្លូវ ទី១៖ ម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាក C១០០កូរ៉េ ពណ៌ក្រហមពាក់ផ្លាកលេខកណ្ដាល 1Y-7623 បើកបរដោយឈ្មោះ យួន បូរ៉ា, ទី២៖ ម៉ូតូម៉ាកគ្លីចពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1GB-4062 បើកបរ ដោយឈ្មោះ ស៊ីម សុវណ្ណ, ទី៣៖ ម៉ូតូម៉ាកហុងដា C១២៥ ស៊េរី០៦ ពណ៍ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1Q-4459 បើកបរដោយឈ្មោះ សុច ស្វាង, ទី៤៖ ម៉ូតូម៉ាកហុងដា C125 ស៊េរី០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល 1T-6565 បើកបរដោយ ឈ្មោះ ចែម កុសល់, ឈ្មោះ ធឿន ឈុន អៀង, និងទី៥៖ តូម៉ាកហុងដា C១២៥ស៊េរី ០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1GH-6008 បើកបរដោយឈ្មោះ ឌឿន ធាន់។
បច្ចុប្បន្ននេះ រថយន្តបង្ក និងម៉ូតូ ត្រូវបានកម្លាំងជំនាញខេត្តឃាត់ទុកបណ្តុះអាសន្នរងចាំភាគីទាំងអស់ចូលមកដោះស្រាយតាមនីតិវិធីច្បាប់ នៅពេលក្រោយ ចំណែកជនរងគ្រោះត្រូវបញ្ជូនទៅព្យាបាលនៅតាមមន្ទីរពេទ្យផងដែរ៕