(ភ្នំពេញ)៖ គណបក្សសង្គ្រោះជាតិ មិនចូលរួមនៅក្នុងចលនាសង្គ្រោះជាតិនោះទេ ចំណែកការចូលរួមនៅក្នុងចលនានេះគឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗមិនទាក់ទងនឹងគណបក្សឡើយ នេះការលើកឡើងរបស់លោក យ៉ែម ប៉ុញ្ញារិទ្ធិ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។
លោក យ៉ែម បុញ្ញារិទ្ធ បានលើកឡើងថា ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺ២ផ្សេងពីគ្នា កុំយកមកលាយឡំជាមួយគ្នា។
ការលើកឡើងបែបនេះរបស់លោក យ៉ែម បុញ្ញារិទ្ធ ដូចទៅនឹងអ្វីដែលលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ជំហរយ៉ាងច្បាស់ថា៖ «មិនចូលរួមជាមួយចលនាបង្កើតថ្មី និងមិនគាំទ្រចលនាថ្មីនេះ»។
ជាមួយករណីនេះអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ទំនងជាតឹងទ្រូងទ្រាំលែងបាននោះ បានទម្លាយអំពីការបែកបាក់ផ្ទៃក្នុង នៃជួរថ្នាក់ដឹកនាំរបស់ចលនាសង្គ្រោះជាតិដែលខុសច្បាប់ បង្កើតឡើងដោយលោក សម រង្ស៊ី ជាមួយបក្ខពួកលោក កឹម សុខា។
Facebook «យុវតីសង្គ្រោះជាតិ» នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ ទម្លាយនូវការបែកបាក់ ដោយបានចោទប្រកាន់លោក យ៉ែម ប៉ុញ្ញារិទ្ធិ និងកញ្ញា កឹម មនោវិទ្យា ដែលជាខ្សែ បណ្តោយរបស់លោក កឹម សុខា នោះថា ជាជនភ្លេចកំណើត ព្រោះពួកគេនៅបរទេសមិនបានលើកអ្វីពីលោក សម សង្ស៊ី បន្តិចនោះទេ ហើយថែមទាំងប្រឆាំងនឹង ចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយលោក សម រង្ស៊ី ថែមទៀត។
យុវតីសង្គ្រោះជាតិ បានលើកឡើងថា ទាំងលោក យ៉ែម ប៉ុញ្ញារិទ្ធិ និងកញ្ញា កឹម មនោវិទ្យា នោះពួកគេបានបំភ្លេចចោលទាំងស្រុង លោក សម រង្ស៊ី ដោយនិយាយតែពីលោក កឹម សុខា ប៉ុណ្ណោះ។ លើសពីនេះលោក យ៉ែម ប៉ុញ្ញារិទ្ធិ ក៏បាននិយាយសំដីដូចទះកំផ្លៀងលោក សម រង្ស៊ី អីចឹង ដោយនិយាយថា ចលនាសង្គ្រោះជាតិ និងគណបក្សសង្គ្រោះជាតិ គឺ២ផ្សេងពីគ្នា កុំយកមកលាយឡំជាមួយគ្នា។ តើនេះឬជាការរួបរួមគ្នា ឬជាការបែកបាក់គ្នា?។
យុវតីសង្គ្រោះជាតិ ដែលជាសកម្មជនរបស់អតីតបក្សសង្គ្រោះជាតិបានទម្លាយយ៉ាងដូច្នេះថា «ទ្រាំលែងបានហើយ! សូមផ្តាំទៅលោកឱកាសនិយម យ៉ែម ប៉ុញ្ញារិទ្ធិ និងកញ្ញា កឹម មនោវិទ្យា!។ ជាច្រើនខែហើយដែលពួកយើងខំអត់ទ្រាំ ខាំមាត់សង្កត់ចិត្ត ព្រោះមិនចង់បង្ហាញពីការបែកបាក់។ តែពេលនេះទ្រាំលែងបានទៀតហើយបន្ទាប់ពីបានឃើញសកម្មភាព និងពាក្យសម្តីដដែលៗ របស់ក្រុមពួកគេដែលទៅដល់ទីណានិយាយតែពីលោក កឹម សុខា ហើយបំភ្លេចចោលទាំងស្រុងលោកប្រធាន សម រង្ស៊ី។ តែបើនិយាយវិញគឺវាយប្រហារចលនាសង្គ្រោះជាតិ ពេញៗមាត់ដោយមិនញញើត ហាក់ដូចជាចលនាសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន សម រង្ស៊ី គ្មានតម្លៃអ្វីសោះចំពោះពួកគេ។ បើគណបក្សកាន់អំណាចមិនឲ្យតម្លៃគ្មានអ្វីប្លែកទេ ប៉ុន្តែ ក្រុមគ្នាឯងដែលមិនឲ្យតម្លៃជារឿងគួរឲ្យឈឺចាប់ និងអាម៉ាស់បំផុត៕