(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានសម្ដែងពីភាពវិជ្ជមាន និងជឿជាក់ខ្ពស់ទៅលើ សមត្ថភាពរបស់ស្រ្ដីកម្ពុជា ដោយបច្ចុប្បន្នធនាគារជាតិនៃកម្ពុជា បានជ្រើសរើសយកស្រ្ដី ឲ្យចូលបម្រើការងារក្នុង​ធនាគារជាតិ ​មាន​ចំនួនជិត១ពាន់នាក់ និងបានឈរជើងជាថ្នាក់ដឹកនាំកើនឡើង៣០ភាគរយ។

ថ្លែងក្នុងកម្មវិធីអបអរសារទរ ខួបអនុស្សាវរីយ៍លើកទី១០៧ នៃទិវានារីអន្ដរជាតិ៨មីនា នាព្រឹកថ្ងៃ០៦ ខែមីនា ឆ្នាំ២០១៨នេះ លោក ជា ចាន់តូ បានឲ្យ​ដឹង​ថា «បច្ចុប្បន្ននេះធនាគារជាតិនៃកម្ពុជា មានមន្រ្តីបុគ្គលិកសរុបទូទាំងប្រទេសចំនួន១,៦៥១នាក់ ដែលក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីមានចំនួនរហូត​ទៅដល់៧៩៦នាក់ ចំនួននេះបានសមាមាត្រមន្រ្តីបុគ្គលិកជាស្រ្តី ចាប់តាំងពីថ្នាក់ទេសាភិបាលរង ដល់បុគ្គលិកធម្មតាកើនដល់៤៨% នៃចំនួនសរុប ក្នុងនោះចំនួនស្រ្តីក្នុងជួរថ្នាក់ដឹកនាំ ធនាគារជាតិនៃកម្ពុជាបានកើនឡើង៣០% នៃចំនួនសរុប» ។

ថ្លែងចំពោះមុខនារី និងស្រ្ដីជាច្រើន លោកទេសាភិបាលបានបន្ដទៀតថា ស្រ្តីបម្រើការងារក្នុងធនាគារជាតិនៃកម្ពុជា ភាគច្រើនទទួលខុសត្រូវលើការងារ ដឹកនាំនិងគ្រប់គ្រងការងារជំនាញបច្ចេកទេស និងការងារប្រតិបត្តិការជាដើម ហើយសមាមាត្រដ៏ធំនេះបាន បង្ហាញឱ្យឃើញអំពីសមត្ថភាព នៃការលើកកម្ពស់ស្រ្តី និងសារៈសំខាន់របស់ស្រ្តីចំពោះការងារ ព្រមទាំងមានការជឿជាក់ក្នុងការបំពេញតួនាទីភារកិច្ច នៅគ្រប់លំដាប់ថ្នាក់នៃការគ្រប់គ្រងធនាគារ។

សូមបញ្ជាក់ថា ទិវានារីអន្តរជាតិ ឬ International Women’s Day ត្រូវបានប្រារព្ធ ធ្វើនៅថ្ងៃទី៨ ខែមីនា ជារៀងរាល់ឆ្នាំ ដែលត្រូវបានចាត់ទុកថា ជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលបានបង្ហាញពីប្រវត្តិ ដ៏អង់អាចរបស់ស្ត្រីនៅលើពិភពលោក។ ទិវានារីអន្តរជាតិ ៨ មីនា នេះត្រូវបានប្រារព្ធធ្វើឡើងនៅទូទាំងសកលលោក ដើម្បីរំឭកពីប្រវត្តិនៃការតស៊ូ និងវីរភាពរបស់នារី ដែលបានខិតខំតស៊ូទាមទារនូវសមធម៌ ការគោរពសិទ្ធិសេរីភាពស្មើគ្នា ចំពោះមុខច្បាប់ និងការទទួលស្គាល់តម្លៃស្រ្តីក្នុងការអភិវឌ្ឍគ្រួសារ និងជាពិសេស ដើម្បីអបអរសាទរសមិទ្ធផលផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ដែលនារីបានរួមចំណែកកសាងនិងអភិវឌ្ឍជូនប្រទេសជាតិនិងមាតុភូមិយើងកន្លងមក។

លោក ជា ចាន់តូ បានបញ្ជាក់បន្ថែមទៀតថា ការប្រារព្ធទិវានារីអន្ដរជាតិ៨ មីនា ក៏ជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់ ដែលបានបង្ហាញឱ្យឃើញ ពីសកម្មភាព របស់បងប្អូនជនរួមជាតិកម្ពុជាទាំងអស់សាមគ្គី ក្នុងការចូលរួមប្រកបដោយឆន្ទៈ មោះមុត និងជំរុញឱ្យមានការគិតគូរ ធ្វើសកម្មភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ព្រមទាំងបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច នយោបាយ និងសង្គម រួមទាំងការលើកកម្ពស់សីលធម៌ សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា តែងតែប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីបុគ្គលិកជានារីនៅធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកកសាង និងអភិវឌ្ឍប្រព័ន្ធធនាគារនៅកម្ពុជា ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់៕