(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានលើកឡើងថា ភាពសុខសាន្តរបស់ជាតិកម្ពុជានាពេលបច្ចុប្បន្ននេះ គឺបានមកពីការលះបង់យ៉ាងធំធេងរបស់អតីតយុទ្ធជន បើគ្មានការលះបង់របស់ពួកគាត់ទេ ជាតិកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនអាចរស់នៅបានសុខសម្បូរសប្បាយដូចពេលបច្ចុប្បន្ននេះឡើយ។

ការឡើងរបស់នាយឧត្តមសេនីយ៍ គន់ គីម បានធ្វើឡើងក្នុងពេលអញ្ជើញបំពាក់មេដាយការពារជាតិ ដែលជាមេដាយព្រះរាជទានដោយព្រះមហាក្សត្រខ្មែរជូនអតីតយុទ្ធជនប្រមាណ ៥០៤នាក់នៅក្នុងខេត្តព្រះវិហារនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ។

ក្នុងពិធីនោះនាយឧត្តមសេនីយ៍ គន់ គីម បានរំលឹកនូវគំរូវីរភាពជាច្រើនរបស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មសព្វបែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន។ លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនដែលធ្វើសកម្មភាពចុះជាប់ជាប្រចាំជាមួយអតីតយុទ្ធជនរូបនេះ បានរំលឹកថា ក្នុងទសវត្សរ៍ឆ្នាំ៨០ រហូតដល់៩០ ប្រសិនបើមិនមានអតីតយុទ្ធជនដ៏អង់អាចរបស់កម្ពុជាចេញប្រយុទ្ធតតាំងទេនោះ របបប្រល័យពូជសាសន៍ ប៉ុល ពត នឹងវិលមកកាន់កាប់ទឹកដីកម្ពុជាជាថ្មីមិនខាន។

«យើងទាំងអស់គ្នាត្រូវដឹងថា បងៗអតីតយុទ្ធជនគាត់លះបង់សព្វបែបយ៉ាង លះបង់សេចក្តីសុខផ្ទាល់ លះបង់គ្រួសារ បងៗខ្លះទៀត បានលះកាយសម្បទាដៃ ជើង រហូតដល់កែវភ្នែក ជាពិសេសយុទ្ធជនយើងជាច្រើនទៀត បានលះបង់រហូតដល់អាយុជីវិត ដើម្បីតែការពារជាតិកម្ពុជា និងប្រជាជនមិនឲ្យរបបដ៏ប្រល័យរបស់ ប៉ុល ពត វិលមកដឹកនាំយើងជាថ្មី។ យើងទាំងអស់គ្នាត្រូវតែចងចាំនូវគំរូវីរភាព និងគុណូបការៈរបស់ពួកគាត់»។ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា។

នាយឧត្តមសេនីយ៍ គន់ គីម បានគូសបង្ហាញផងដែរពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន។ លោកបានលើកឡើងថា ដើម្បីតបស្នងសងនូវគុណូបការៈនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងបានគិតគូរជានិច្ចតាមរយៈការផ្តល់ដី និងធ្វើផ្ទះសម្រាប់បងប្អូនអតីតយុទ្ធជនរស់នៅបានសមរម្យ។ ក្រៅពីនោះរាល់ពេលមានពិធីបុណ្យទានផ្សេងៗសម្តេចទាំងពីរ តែងមានការឧបត្ថម្ភនូវថវិកា និងសម្ភារប្រើប្រាស់ផ្សេងៗជូនដល់បងប្អូនអតីតយុទ្ធជន។

លើសពីនេះដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ធំធេងនេះ សម្តេចតេជោ ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហមុនី ព្រះរាជទានមេដាយការពារជាតិជូនពួកគាត់ថែមទៀតផង។

បើទោះបីជាយ៉ាងណានាយឧត្តមសេនីយ៍ គន់ គីម នៅតែបន្តក្រើរំលឹកដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជននៅគ្រប់បណ្តាខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ទៅលើសុខទុក្ខ និងដោះស្រាយរាល់បញ្ហាដែលអតីតយុទ្ធជនកំពុងតែប្រឈម ឬជួបប្រទះនាពេលបច្ចុប្បន្ន។ ជាពិសេសត្រូវធ្វើផ្ទះ និងចែកដី ដល់អតីតយុទ្ធជនទាំងឡាយ ដែលកំពុងអត់ដី ឬ អត់ផ្ទះសម្បែងសម្រាប់ស្នាក់អាស្រ័យនោះ។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសត្រូវតែគិតគូរ និងគោរពចំពោះអតីតយុទ្ធជន ហើយមិនត្រូវមានការរើសអើង ឬមើលងាយអតីតយុទ្ធជននោះឡើយ ត្បិតថាសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ននេះ បើគ្មានការលះបង់របស់អតីតយុទ្ធជនទេ មិនអាចរស់នៅបានសុខសាន្ត និងរកស៊ីមានបានដូចពេលបច្ចុប្បន្ននេះឡើយ៕។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ គន់ គីម ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះបានអញ្ជើញបំពាក់មេដាយការពារជាតិជូនអតីតយុទ្ធជនជាបន្តបន្ទាប់មាននៅក្នុងខេត្ត ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងព្រះវិហារជាដើម៕