(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបញ្ឈប់ការប្រើឧបករណ៍ឆក់ជាបន្ទាន់ ហើយបើមានអ្នកស្ម័គ្រចិត្ត យកមកប្រគល់ជូនសមត្ថកិច្ច នឹងទទួលបានរង្វាន់លើកទឹកចិត្ត។ ជាមួយគ្នានោះ លោកសង្ឃឹមយ៉ាងម៉ុតម៉ាំថា ឃុំស្នាអន្សា ដែលជាឃុំមួយឈានមុខគេ ទាំងការងាររដ្ឋបាលទាំងការងារនយោបាយនោះ នឹងលែងមានសកម្មភាពឆក់ត្រី ចាប់ពីពេលនេះតទៅ។
លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្រះជម្រកត្រីសហគមន៍ នៅភូមិវាលវង់ ឃុំស្នារអន្សា ស្រុកក្រគរ របស់គម្រោងបង្កើនធនធានជលផលដំណាក់កាលទី២ ដោយមានការគាំទ្រពី USAID តាមរយៈអង្គការ World Fish និងដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត អាជ្ញាធរស្រុក-ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥០០នាក់។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ប៊ិន វណ្ណា អភិបាល នៃគណៈអភិបាលស្រុកក្រគររួចមក លោកស្រី ឡូវ សំណាន នាយិកាអង្គការអភិវឌ្ព្យន៍នារីខ្មែរ (ANKO) និងលោកស្រីនាយិកាអង្គការ World Fish បានបង្ហាញលក្ខណៈពិសេសរបស់គម្រោងខាងលើនេះ គឺបង្កើតឡើងដើម្បីរួមចំណែកជាមួយ នឹងយុទ្ធសាស្ត្រជាតិ ផ្នែកជលផល ដែលបានលើកឡើងថា នៅឆ្នាំ២០១៩ នឹងសម្រេចឲ្យបានចំនួន១២០០ស្រះ។
លោកស្រីបានបន្ថែមទៀតថា គម្រោងនេះបានអនុវត្ត ដោយមានកិច្ចសហការយ៉ាងជិតស្និត ជាមួយនឹងរដ្ឋបាលជលផលថ្នាក់ជាតិ ថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដោយផ្តោតសំខាន់ លើការកែលំអរលក្ខណៈភូមិសាស្ត្រ នៃស្រៈ ឬបឹងគោលដៅនីមួយៗ ដើម្បីឲ្យមានលក្ខណៈសមស្រប ជាស្រៈជំរកត្រី គឺធ្វើយ៉ាងណាឲ្យមានទឹកច្រើន សម្រាប់ជាពហុប្រយោជន៍ ដល់ប្រជាពរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ គឺត្រីក៏អាចមានជាជម្រកសុខសាន្ត រស់បានស្រួល និងអាចប្រកបមុខរបរកសិកម្មរួមផ្សំផ្សេងៗបាន។ ជាងនេះទៅទៀត ដើម្បីធ្វើឲ្យមានភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ថវិកាមួយកញ្ចប់ សរុបចំនួន ២១៥,៨៣៤ដុល្លារអាមេរិក។
លោក ម៉ៅ ធនិន បានបន្តថា នេះគឺជាការខិតខំប្រឹងប្រែងរបស់អង្គការ ដែលធ្វើឲ្យកើតចេញជាស្រះជម្រកត្រីសហគមន៍ នេះឡើង ដើម្បីផ្ទុកពូជត្រីគ្រប់ប្រភេទជាចំណីអាហាររបស់មនុស្សយើងនិយាយរួម និងនិយាយដោយឡែកគឺប្រជាពលរដ្ឋក្នុងឃុំស្នាអន្សានេះតែម្ដង។ បឹងទន្លេសាប ជាមរតករបស់ដូនតាយើងជាជង្រុក និងជាជម្រកត្រីដ៏សំខាន់របស់ប្រទេសកម្ពុជាយើង ដែលអាចចិញ្ចឹមប្រជាជនយើងទូទាំងប្រទេស។ លំហូរត្រីពីបឹងទន្លេសាប ទៅតាមស្ទឹង ព្រែក បឹងបួរ មានជីវះចំរុះ និងមច្ឆាជាតិគ្រប់ប្រភេទដូច្នេះយើងគ្រាន់តែនាំគ្នាថែរក្សាឲ្យបានគង់វង្យទៅ មិនពិបាកក្នុងចំណាយថវិកាច្រើននោះទេ។ លោកសូមឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាល ចាត់វិធានការណ៍ឲ្យបានតឹងរឹងចំពោះអ្នកប្រើប្រាស់ប្រដាប់ឆក់ ព្រោះវានាំឲ្យហិនហោចពូជត្រី និងជីវៈចម្រុះគ្រប់ប្រភេទ ពិសេសគ្រោះថ្នាក់ខ្លួនឯងទៀតផង។
នៅក្នុងឱសនោះ លោក ម៉ៅ ធនិន ក៏បានចែកសម្ភារៈល្បាត ដល់គណៈកម្មការស្រះជម្រកត្រីសហគមន៍រួមមាន៖ ពិល អង្រឹង អាវភ្លៀង វិទ្យុទាក់ទងជាដើម។ល។ នឹងបានចុះពិនិត្យមើលការដ្ឋានជីកស្រះសហគមន៍ផងដែរ៕