(ភ្នំពេញ)៖ លោក ណុប ចាន់ណារិន្ទ ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានក្រុមការងារ ចុះជួយខណ្ឌដូនពេញ បានស្នើទៅកាន់បងប្អូន ប្រជាពលរដ្ឋមកពី១១ភូមិ ក្នុងសង្កាត់ផ្សារថ្មី១ថា សុំបងប្អូនប្រជាពលរដ្ឋ ត្រូវហ៊ាននិយាយការពិត នូវរាល់ចំណុចសកម្ម និងចំណុចអសកម្ម ដែលកើតមាន នៅក្នុងមូលដ្ឋាន តាមរយៈ វេទិកាសាធារណៈ។
ការស្នើសុំបែបនេះ ក្នុងឱកាសដែល លោក ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារ ចុះជួយខណ្ឌដូនពេញ អញ្ជើញចូលរួមក្នុង វេទិកាសាធារណៈ ក្រោមការរៀបចំ របស់លោកស្រី ស៊ី តូន ប្រធានក្រុមប្រឹក្សាសង្កាត់ផ្សារថ្មី១ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨។
អនុប្រធានក្រុមការងារ ចុះជួយខណ្ឌដូនពេញរូបនេះ បានបញ្ជាក់ទៀតថា វេទិកាសាធារណៈ ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱកាស ឲ្យបងប្អូនបញ្ចេញយោបល់ សំរាប់ជាកញ្ចក់ឆ្លុះមុខ របស់អាជ្ញាធរមូលដ្ឋាន ដើម្បីដុសសំអាតខ្លួន មុននឹងឈានទៅដល់ការវះកាត់ និងព្យាបាល។
លោក ណុប ចាន់ណារិន្ទ បានលើកឡើងថា វេទិកាសាធារណៈនេះ គឺជាកញ្ចក់សំរាប់ឆ្លុះបញ្ចាំង នូវអ្វីដែលជាបញ្ហា និងកំហុសរបស់បុគ្គល ដែលត្រូវតែកែប្រែជាបន្ទាន់ និងត្រូវគិត រួមគ្នាធ្វើ ដើម្បីផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងសង្គម ព្រោះមន្ត្រីអាជ្ញាធរទាំងអស់ គឺជាអ្នកបំរើរាស្ត្រដោយឥតលក្ខខណ្ឌ។
លោកថា វេទិកាសាធារណៈនេះ មានតំលៃ និងគុណប្រយោជន៍សំខាន់ណាស់ របស់បងប្អូន។ លោក ណុប ចាន់ណារិន្ទ ក៏បានជំរាបជូនបងប្អូន អំពីសភាពការណ៍កន្លងមក និងសភាពការណ៍ បច្ចុប្បន្នជាពិសេសក្រុមបដិវត្តន៍ពណ៌ ដែលត្រូវតែបង្ក្រាប ដោយមិនអាចអត់អោនឲ្យបានឡើយ ព្រោះថាអ្វីដែលចង់បាននោះ គឺសន្តិភាព ដែលមិនអាចខ្វះបាន។
លោកស្រី ស៊ី តូន ចៅសង្កាត់ផ្សារថ្មីទី១ បានឲ្យដឹងថា ការរៀបចំកម្មវិធីវេទិកាសាធារណៈនាពេលនេះ បានធ្វើឡើងក្នុងគោលបំណង ផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ បានសំដែងមតិ ឬផ្តល់យោបល់ ទាក់ទងទៅនឹងទុក្ខកង្វល់ ពិសេសទៅនឹងគោលការណ៍ ភូមិឃុំ មានសុវត្ថិភាព៩ចំណុច ដើម្បីរួមគ្នាដោះស្រាយផ្តល់ភាព សុខសាន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកស្រី ស៊ី តូន បានលើកឡើងទៀតថា ការឡើងមានមតិ ក្នុងវេទិការបស់ប្រជាពលរដ្ឋ គឺអាជ្ញាធរចង់ដឹង ក៏ដូចជាការពិនិត្យ នូវអ្វីដែលទាក់ទង ទៅនឹងទុក្ខកង្វល់ របស់ប្រជាពលរដ្ឋ ដូចជា៖ ចោរលួច ឆក់ អំពើអាណាចារ្យ ថ្នាំញៀន ល្បែងស៊ីសង ជាដើម -ល-។
លោកស្រីចៅសង្កាត់ ក៏បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្ននេះ បើតាមការកត់សំគាល់ឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍ មានចំនួនកើនឡើងគួរឲ្យបារម្មណ៍ ស្របពេលដែល រាជរដ្ឋាភិបាល កំពុងតែបើកយុទ្ធនាការក្តៅគគុក ក្នុងគោលបំណង់ចង់ឲ្យបងប្អូន ចេះគោរពច្បាប់ចរាចរណ៍ទាងអស់គ្នា៕