(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានឆ្លងកាត់ដំណាក់កាលដំបូង សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» ក្រោមជំនួយគាំទ្រប្រឹក្សាយោបល់របស់អង្គការសហប្រជាជាតិ (អ.ស.ប )។ នេះបើតាមការលើកឡើងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨នេះ បន្ទាប់ពីជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និងអ្នករាយការណ៍ពិសេសរបស់ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី​ រ៉ូណាស្មីត។

លោក ជិន ម៉ាលីន បានបញ្ជាក់ថា «មកដល់ពេលនេះ យើងបានសម្រេចនូវ First Draft (សេចក្តីព្រាងដំបូង) នៃច្បាប់ស្តីពី ពរពោះនេះ អញ្ចឹងទេ យើងបានរៀបរាប់ពីការងារសំខាន់ៗជូនគាត់ (លោកស្រី រ៉ូណា ស្មីត) ហើយគាត់កោតសរសើរនូវគោលការណ៍សំខាន់ នៃការការពារសិទ្ធិកុមារ និងស្ត្រី ហើយគាត់ជួយ បានន័យថា យើងសុំឲ្យមានការសហការ និងការជួយគាំទ្រពីគាត់»។

បើតាមអ្នកនាំពាក្យរូបនេះ មូលហេតុដែលបង្កើតច្បាប់ស្តីពី «ពរពោះជំនួស» នេះឡើង គឺជាតម្រូវការសង្គម ដោយសារតែបើមិនមានច្បាប់នៅក្នុងការគ្រប់គ្រងវាទេ ការពរពោះនេះ វានឹងនាំឲ្យមានផលអវិជ្ជមានដល់ស្ត្រី និងកុមារក្នុងករណី ដែលមានចេតនា ក្នុងការធ្វើពាណិជ្ជកម្ម និងការជួយដូរមនុស្ស។ លោកបន្តថា បើការពរពោះលក្ខណៈមនុស្សធម៌ ករណីដែលគ្រួសារគ្មានកូន ហើយចង់ឲ្យគេពរពោះជំនួស ដើម្បីឲ្យមានកូនបន្តពូជវិញនោះ វាជារឿងល្អ ដែលត្រូវគ្រប់គ្រងតាមច្បាប់នេះ ហើយច្បាស់លាស់ ដោយមិនបំពានទៅលើសិទ្ធិស្រ្តី និងកុមារឡើយ។

សូមជម្រាបជូនថា សេចក្តីព្រាងច្បាប់ស្តីពី «ពរពោះជំនួស» រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្លាប់ពិភាក្សាគ្នាកាលពីឆ្នាំ២០១៤ម្តងហើយ ជាមួយ អ.ស.ប ហើយ អ.ស.ប ក៏ធ្លាប់បានធ្វើការស្រាវជ្រាវ ពីគំនិតថ្មីៗ នៅតាមបណ្តាប្រទេសមួយចំនួនផ្សេងៗទៀត នៅទូទាំងពិភពលោកឲ្យស្របទៅតាមបទដ្ឋានអន្តរជាតិ។

បន្ទាប់ពី អ.ស.ប បានផ្ញើរមកកម្ពុជាវិញ ក្រសួងយុត្តិធម៌បានពិនិត្យ ហើយមានការគាំទ្រប្រឹក្សាយោបល់បន្ថែមទៀត ឲ្យស្របតាមស្តង់ដារអន្តរជាតិ និងដើម្បីឲ្យប្រទេសកម្ពុជា ក្លាយជាគម្រូ សម្រាប់ប្រទេសដទៃទៀត លើពិភពលោក ពោលប្រទេសណាដែលចង់បង្កើតច្បាប់នេះផងដែរនោះ។ ក្រសួងយុត្តិធម៌ គ្រោងបង្កើតកិច្ចប្រជុំអន្តរក្រសួងជាមួយក្រសួងកិច្ចការនារី មុននឹងបញ្ជូនឲ្យ អ.ស.ប ពិនិត្យម្តងទៀតថា ត្រឹមត្រូវតាមស្តង់ដារហើយ៕