(ភ្នំពេញ)៖ អគ្គនាយកដ្ឋានយោធាសេវា ក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨នេះ បានប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ» ដែលបានរៀបចំធ្វើឡើង នៅសាលប្រជុំក្រសួងការពារជាតិ។

ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាពដើម្បីអភិវឌ្ឍន៍ជាតិ» បានរៀបចំធ្វើឡើងក្រោមអធិបតីភាពនាយឧត្តមសេរនីយ៍ មាស សាវ៉ន អគ្គនាយកអគ្គនាយកដ្ឋានយោធាសេវា ក្រសួងការពារជាតិ, លោកស្រីឧត្តមសេនីយ៍ឯក លឹម ម៉ារីណា តំណាងនារី អគ្គនាយកដ្ឋានយោធាសេវា, និងយោធិននារី ប្រមាណជិត២០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះផងដែរ។

ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ ទិវាសិទ្ធនារីអន្តរជាតិ ៨មីនា ខាងលើនេះ នាយឧត្តមសេនីយ៍ មាស សាវ៉ន ក៏បានជំរុញឲ្យនារី ក្នុងកងពលត្រូវប្រឹងប្រែង ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមប្រធានបទ «ស្រ្តីចូលរួមរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ»។

ថ្លែងក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី១០៧ លោកស្រីឧត្តមសេនីយ៍ឯក លឹម ម៉ារីណា បានថ្លែងកោតសរសើរ ចំពោះយោធិនដែលជានារី ក្នុងកងពល ដែលខិតខំបំពេញការងារ គ្រប់ផ្នែកតាមជំនាញរៀងខ្លួន ទាំងការការពារ និងទាំងការសង្គ្រោះជាដើម។

លោកស្រីឧត្តមសេនីយ៍ឯក លឹម ម៉ារីណា បានរំលឹកថា ពីមួយឆ្នាំទៅមួយឆ្នាំ តែងតែជំរុញឲ្យមានថ្នាក់ដឹកនាំជានារី បំពេញការងារក្នុងអង្គភាព ដូចបុរសឲ្យកាន់តែច្រើនផងដែរ៕